ឯកឧត្តម ឡាំ ជា អញ្ជើញជួបសួរសុខទុក្ខកងទ័ពឈរជើងការពារទិសប្រាសាទតាក្របី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង លោកវរសេនីយ៍ឯក សាន់ សារូ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងឧត្តមានជ័យ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដឹកនាំនាយទាហានទទួលដំណើរ ដឹកនាំគណៈប្រតិភូអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទិសប្រាសាទតាក្របី។


នាឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជូនពរឱ្យយោធិនទាំងអស់មានសុខភាពល្អមាំមួន ដើម្បីបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបាននាំយកនូវអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់យោធិនផងដែរ។

លោកវរសេនីយ៍ឯក សាន់ សារូ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន បានគោរពថ្លែងអំណរគុណ ចំពោះការអញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ របស់ឯកឧត្តម ឡាំ ជា និងក្រុមការងារថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ ជីវភាព និងការរស់នៅរបស់កងទ័ពសមរភូមិមុខ ដែលជំរុញឲ្យកងទ័ពកាន់តែមានស្មារតីអង់អាចក្លាហានក្នុងការបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងបម្រើប្រជាជន គ្រប់កាលៈទេសៈ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





