ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណគិរី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តសុវណ្ណគិរី ហៅវត្តកំប៉ូត ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តកំពង់ស្ពឺទាំងពីរគណៈ ព្រះថេរានុត្ថេរៈជាច្រើនអង្គ ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណ១០៨០អង្គ/នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ នៅក្នុងទីអារាមវត្តសុវណ្ណគិរី ហៅវត្តកំប៉ូត សម្រាប់បម្រើប្រយោជន៍ដល់ការជួបជុំ ការរៀនសូត្ររបស់ព្រះសង្ឃ និងការធ្វើបុណ្យបំពេញទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់ ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទដែលអញ្ជើញមកពីគ្រប់ទិសទី។

ក្នុងនាមជាពុទ្ធសាសនិកមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ ព្រះចៅអធិការវត្ត សុវណ្ណគិរី ព្រះថេរានុថេរៈ សប្បុរសជននិងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់កម្លាំកាយចិត្ត សម្ភារនិងថវិកាចូលរួមកសាង សមិទ្ធផលជាច្រើនក្នុងវត្ត សុវណ្ណគិរីហៅវត្តកំប៉ូតនេះ។

គួរបញ្ជាក់ថា សមិទ្ធផលដែលនឹងដាក់សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន៖ កុដិថ្មីចំនួន២ខ្នងមាន១៧បន្ទប់ ក្នុងនោះខ្នងទី១ មានទំហំ ១១ម៉ែត្រx៧២ម៉ែត្រ ស្មើនឹង១២បន្ទប់ កម្ពស់១២ម៉ែត្រ ប្រក់ក្បឿង និងខ្នងទី២ មានទំហំ១១ម៉ែត្រx៣០ម៉ែត្រ ស្មើនឹង៥បន្ទប់ កម្ពស់១២ម៉ែត្រ ប្រក់ក្បឿង ព្រះវិហារ សាលាធម្មសភា រោងទទួលភ្ញៀវ ចាក់ដីបំពេញទីធ្លាវត្ត រៀបចំសួនច្បារ របងវត្តចំនួន៣៨០ប្រឡោះ បន្ទប់ទឹកចំនួន១២បន្ទប់ រូបសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ស្រះទឹក និងសមិទ្ធផលនានា សរុបថវិកាអស់ចំនួន៧៣៥.០៦០ដុល្លារ (ប្រាំពីររយសាមសិបប្រាំពាន់ហុកសិបដុល្លារសហរដ្ឋអាមេរិក)។ ថវិកាទាំងនេះគឺមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិត ឆ្ងាយក្នុង និងក្រៅប្រទេសទាំងអស់៕

ដោយ លឹម សាន្ត





