កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសហការជាមួយស្ថាប័នបរិស្ថានខេត្ត បង្រ្កាប និងរឹបអូសឈើចម្រៀកប្រភេទលេខ២ ក្នុងតំបន់ព្រៃឡង់
AKP កំពង់ធំ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងផែនការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ធំកាលពីពេលថ្មីៗកន្លងទៅនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកម្លាំងនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាប និងរឹបអូសយកឈើចម្រៀកប្រមាណជាង១៣ម៉ែត្រគូប ដែលក្រុមជនល្មើសលួចកាប់ និងអារជាឈើចម្រៀកនៅក្នុងតំបន់ព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានទៅត្រួតពិនិត្យលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើ និងបានគូសបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីបណ្តាញសម្ងាត់ បានរាយការណ៍ថាមានសកម្មភាពលួចកាប់ និងអារឈើនៅក្នុងភូមិសាស្ត្រព្រៃឡង់ តំបន់ក្បាលអូរទឹកថ្លា ជាប់គ្រប់ប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលពួកក្រុមជនល្មើសតែងតែលួចកាប់ និងអារឈើនៅតំបន់នេះព្រោះមានភាពងាយស្រួលដោយសារ មានចម្ងាយឆ្ងាយពីសកម្មភាពរបស់សមត្ថកិច្ចខេត្តទាំងពីរ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ហើយក្នុងពេលប្រតិបត្តិការនេះក្រុមជនល្មើសបានដឹងខ្លួនមុន ហើយបានរត់គេចខ្លួនពីការទទួលខុសត្រូវ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះបានប្រើប្រាស់រយៈពេលពីរយប់ បីថ្ងៃ ដោយចាប់ផ្ដើមពីម៉ោង៣ ទៀបភ្លឺថ្ងៃទី២៥ ដល់ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបអាចរកមធ្យោបាយដឹកកញ្ជូនឈើខុសច្បាប់ទាំងនេះឃើញដោយឆ្លងកាត់ផ្លូវលំបាក និងឧបសគ្គនានា មកកាន់ភូមិជាំស្វាយ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចឱ្យកងកម្លាំងផ្នែកសឹករងសណ្ដាន់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយស្ថាប័នជំនាញបរិស្ថាននិងអាជ្ញាធរដែនដី ធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដែលបានលួចកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តក្រចេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





