ចិនថ្កោលទោសចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសចិនកាលពីថ្ងៃពុធបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់អាវុធដល់កោះតៃវ៉ាន់ និងបញ្ឈប់ពីការបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលអះអាងថា រដ្ឋបាលលោក ត្រាំ បានបញ្ចេញជំនួយបរទេសចំនួន ៥,៣ប៊ីលានដុល្លារអាម៉េរិក នៅក្នុងជំនួយបរទេសដែលបានជាប់គាំងពីមុន ដែលរួមមាន ៨៧០លានដុល្លារអាម៉េរិកដែលត្រូវបានកំណត់សម្រាប់កម្មវិធីសន្តិសុខនៅកោះតៃវ៉ាន់។
លោក លីន បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍បែបនេះ ដោយលោកបានកត់សម្គាល់ថា ប្រទេសចិនតែងតែប្រឆាំងដាច់ខាតចំពោះការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់របស់ប្រទេសចិន ដោយសារតែអាកប្បកិរិយាបែបនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន។
លោក លីន បានបន្ថែមថា «ប្រទេសចិននឹងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍនៃស្ថានភាព និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិសន្តិសុខ និងបូរណភាពទឹកដី»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





