កូនឈើ ៦,០០០ដើមត្រូវបានដាំ និងចែកជូនប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
«ភូមិរង់ចាំ» ដែលជាកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក (ផ្ទះអតីតយុទ្ធជន) នឹងត្រូវផ្លាស់ប្ដូរមុខមាត់ថ្មី ប្រែក្លាយជាតំបន់ដែលមានគម្របបៃតង និងបរិស្ថានស្រស់បំព្រង តាមរយៈយុទ្ធនាការដាំកូនឈើទ្រង់ទ្រាយធំមួយ។នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីដាំកូនឈើសរុបចំនួន ៦,០០០ដើម ដែលជាជំនួយឧបត្ថម្ភរបស់អង្គការជេអេសសុី (JSC)។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងបងប្អូនប្រជាពលរដ្ឋ។

នៅក្នុងយុទ្ធនាការបៃតងនេះ កូនឈើទាំងអស់ត្រូវបានបែងចែកជាពីរផ្នែកច្បាស់លាស់ ដើម្បីធានាបានទាំងសោភ័ណភាព និងផលប្រយោជន៍ជាក់ស្ដែងដល់សហគមន៍ចំនួន ១,២០០ដើម ត្រូវបានដាំភ្លាមៗនៅតាមដងផ្លូវជុំវិញភូមិ ដើម្បីបង្កើតជាជួរឈើស្រមោល និងលើកកម្ពស់បរិស្ថានរស់នៅ។
កូនឈើចំនួន ៤,៨០០ដើមទៀតត្រូវបានចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារអតីតយុទ្ធជន ដើម្បីយកទៅដាំដុះជុំវិញលំនៅឋានរៀងៗខ្លួន។

«ការដាំដើមឈើនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការលម្អភូមិឋានមួយភ្លែតនោះទេ ប៉ុន្តែវាជាការវិនិយោគលើអនាគតដ៏បៃតង និងការបង្កើតស្រមោលត្រជាក់ត្រជុំសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលធ្លាប់ឆ្លងកាត់ការលំបាក»។ នេះជាប្រសាសន៍បញ្ជាក់របស់ លោក ឃ្លោក នួយ។
ថ្លែងក្នុងឱកាសនោះ លោក ឃ្លោក នួយបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម អ៊ុំ រាត្រី និងបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងសកម្មភាពមនុស្សធម៌របស់អង្គការជេអេសសុី (JSC)។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ភូមិរង់ចាំ គឺជាទឹកដីដែលមានអត្ថន័យជ្រាលជ្រៅ ជាកន្លែងដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ដូច្នេះការនាំយកយុទ្ធនាការបៃតងមកកាន់ទីនេះ គឺជារឿងដែលគួរឲ្យកោតសរសើរខ្លាំងណាស់។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលបានកូនឈើ សូមជួយថែទាំ ស្រោចទឹក និងការពារកូនឈើទាំងនោះឲ្យដុះលូតលាស់បានល្អ ដើម្បីឲ្យទីតាំងបណ្ដោះអាសន្នមួយនេះ ក្លាយជាភូមិឋានគំរូដែលមានបរិស្ថានបៃតង ស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ សម្រាប់ជាប្រយោជន៍ដល់សុខភាព និងការរស់នៅរបស់សហគមន៍ទាំងមូល។
គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជួយកាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារដាស់តឿនមួយបង្ហាញពីសាមគ្គីភាពរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ក្នុងការរួមគ្នាស្ថាបនាអនាគតដ៏រឹងមាំមួយ ចេញពីគ្រាប់ពូជបៃតងដែលបានដាំនៅថ្ងៃនេះ៕
ដោយ ឈុន សារ៉ាត





