លោក ទុយ សុធារិទ្ធ ដឹកនាំកិច្ចប្រជុំស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិថ្នល់
AKP កំពង់ធំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
លោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល តំណាងឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល បានដឹកនាំកិច្ចប្រជុំស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ដោយមានការអញ្ជើញចូលរួមពីលោកស្រី ង៉ែត ណារីន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើល និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស លោកស្រី ស៉ិន ស៉ីផាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើល និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិម្រាក(ក) លោកលោកស្រី អនុប្រធាន និងសមាជិកសមាជិកាជាច្រើននាក់។

លោកស្រី ង៉ែត ណារីនបានលើកឡើងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានភូមិក្នុងឃុំត្រូវតែមានភារកិច្ចគឺ ធ្វើជាសេនាធិការឱ្យប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលគ្រើល។ ប្រធានក្រុមការងារដឹកនាំរួម ធ្វើការប្រជុំពិភាក្សាផ្តល់យោបល់ និងគាំទ្រដល់ក្រុមការងារចុះមូលដ្ឋានភូមិក្នុងឃុំ ដើម្បីសម្រេច ជោគជ័យនៅមូលដ្ឋានដោយមានការគាំទ្រពីប្រជាពលរដ្ឋ ពិសេសគ្រប់គ្រង ពង្រឹង ពង្រីកការកសាង សមាជិកគណបក្សឱ្យបានគ្រប់ផែនការលើសពី៦៨ភាគរយ និងមានទិន្នន័យគ្រប់គ្រងសមាជិកគណបក្សប្រជាជនកម្ពុជាឱ្យបានច្បាស់លាស់។ មានប្រជុំដើម្បីពិភាក្សា បែងចែកភារកិច្ចសមាជិក ក្រុមការងារឱ្យទទួលខុសត្រូវ ចាត់តាំងការដឹកនាំចុះតាមខ្នងផ្ទះនីមួយៗ ឱ្យបានច្បាស់លាស់ផ្អែកតាម សមត្ថភាព លទ្ធភាព របស់មន្ត្រីគណបក្សគណបក្សប្រជាជនកម្ពុជា។

លោកស្រី ស៉ិន ស៉ីផានបានបញ្ជាក់ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិនីមួយៗត្រូវប្រជុំជីវភាពប្រចាំខែ និងប្រជុំតាមការ ចាំបាច់នានារបស់គណបក្ស ដើម្បីត្រួតពិនិត្យ ពិភាក្សា បូកសរុបវឌ្ឍនភាពការងារគណបក្ស ដាក់ផែនការ ទិសដៅបន្ត ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ក្តាប់ឱ្យបាននូវសំណូមពរ និងសតិអារម្មណ៍ ដើម្បីវិភាគចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់គណបក្ស ដើម្បីកសាងនូវយន្តការ ដោះស្រាយសមស្របមួយសំដៅអនុវត្តឱ្យបានជោគជ័យ នូវកម្មវិធីនយោបាយនិងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាហើយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ខិតខំស្រាវជ្រាវសភាពការណ៍ សតិអារម្មណ៍ក្នុងស្រទាប់យុវជន ស្ត្រី កម្មករ និយោជិក និងគ្រប់មជ្ឈដ្ឋានមហាជន។ តាមដានពិនិត្យ វាយតម្លៃការអនុវត្តតួនាទីភារកិច្ច ការធ្វើអំពើល្អរបស់មន្ត្រីគណបក្ស សំដៅកែលម្អឱ្យបាន ទាន់ពេលវេលាស្របតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក ទុយ សុធារិទ្ធបានណែនាំដល់ក្រុមការងារចុះជួយមូលដ្ឋានឃុំត្រូវតែធ្វើការតាមដានឈ្វេងយល់ វិភាគសភាពការណ៍នយោបាយរបស់ពួកអមិត្ត និងតាមមជ្ឈដ្ឋាននានា ដើម្បីរៀបចំ វិធានការទប់ស្កាត់ ព្រមទាំងផ្តល់គោលការណ៍វាយបកទាន់ពេលវេលា តាមគ្រប់មធ្យោបាយ។ សហការណ៍ គាំទ្រ គៀង គរ ប្រភពធនធានស្របច្បាប់នានា ដើម្បីធានាលើការងារគណបក្ស និងការកសាង សមិទ្ធិផលថ្មីៗជូនគណបក្សប្រជាជនកម្ពុជា បំពេញការងារផ្សេងៗតាមការចាំបាច់ដែលគណបក្សថ្នាក់លើប្រគល់ជូន។
ក្រុមការងារមានសិទ្ធិចាត់ចែង និងចាត់តាំងមន្ត្រីគណបក្សក្រោមឱវាទបន្ថែមចុះមូលដ្ឋានដែលខ្លួនទទួល ខុសត្រូវបានសមស្រប ដើម្បីបំពេញការងារផ្សេងៗតាមការចាំបាច់៕
ដោយ ស៊ុម វណ្ណា





