សម្តេចមហាមន្ត្រី គុយ សុផល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៦ភូមិ សរុប៦០៤៣ប័ណ្ណ ស្មើនឹង ៦០០ គ្រួសារ ស្ថិតក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ពិធីនេះដោយមានការអញ្ជើញចូលរួម ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត និងលោក លោកស្រីអភិបាលរងខេត្ត ថ្នាកដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនរូបផងដែរ ។

ក្នុងឱកាសនោះសម្តេចមហាមន្ត្រី គុយ សុផល បានសម្តែងនូវការអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ ស្រុកបរិបូណ៍ ដែលទទួលបាននូវ វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយ សុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៦០៤៣ប័ណ្ណ ជូនប្រជាពលរដ្ឋ ស្រុកបរិបូណ៍ ខេត្តកំពង់់ឆ្នាំងនេះជាការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីអោយបងប្អូនយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។

ទន្ទឹមនឹងនេះសម្តេចមហាមន្ត្រីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធ សាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ "ប្រសិទ្ធភាព សមិទ្ធកម្ម” បន្ថែមពីនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់ លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាន។

សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវ បន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត ថែមទៀត៕
ដោយ បៃ ស៊ីថុន





