កងការពារព្រំដែនលេខ៦០១ ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា ឆ្នាំ២០២៥ របស់កងការពារព្រំដែនលេខ៦០១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម មេបញ្ជាការរង នាយសេនាធិការរង យោភូមិភាគពិសេស ការិយាល័យជំនាញដែលពាក់ព័ន្ធ ចំណុះយោធភូមិភាគពិសេស និងមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងផងដែរ ។


ថ្លែងក្នុងពិធីបូកសរុបលទ្ធផលសកម្មភាពការងារយោធា ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ប៉ូ វណ្ណៈ បានមានប្រសាសន៍សំណេះសំណាល បូកសរុប និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងាររបស់កងការពារព្រំដែនលេខ ៦០១ កន្លងមក ដែលបានសហប្រតិបត្តិការល្អនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម និងជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក ដែលបានដាក់ចេញ ការពង្រឹងខឿនការពារជាតិរឹងមាំ និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងការពារព្រំដែនលេខ ៦០១ និងបន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ឱ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែទំនើបរៀបរយ និងមានប្រសិទ្ធភាព ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី "ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការកាប់ព្រៃ ទន្រ្ទានយកដីរបស់រដ្ឋ ការធ្វើនេសាទខុសច្បាប់ នៅតាមបណ្ដាខេត្ត តំបន់ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” មួយចំនួន។ ត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល កសាងជំរុំជម្រកស្នាក់នៅ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ និងការងារបច្ចេកទេស ការគ្រប់គ្រងអាវុធ គ្រាប់ គ្រឿងចក្រ និងចូលរួមពង្រឹងខឿនការពារជាតិ និងបន្តខិតខំបំពេញភារកិច្ចឲ្យទទួលបានជោគជ័យបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស បានផ្ដល់កិត្តិយសផ្ដល់បណ្ណ និងលិខិតសរសើរដល់នាយ នាយទាហានរង ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចនាពេលកន្លងមក សរុបចំនួន ២២នាក់៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





