សម្តេចកិត្ដិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀងជាខេត្តបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធហើយ
AKP ស្វាយរៀង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀងជាខេត្ដ បញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា លទ្ធផលធំៗដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ គឺត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នៅក្នុងសកម្មភាពការងារបោះសម្អាតមីន គឺត្រូវបានប្រកាសជាខេត្តទី៨ ក្លាយជាខេត្តអស់មីន និងជាពិសេសនៅថ្ងៃនេះ នៅក្នុងវិស័យដីធ្លី ក៏ត្រូវបានប្រកាសជាខេត្ត (ទី៣) បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រយ៉ាងពេញលេញក្នុងការដឹកនាំ និងជំរុញដល់អង្គភាពពាក់ព័ន្ធ ជាពិសេស ការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្រ្តីជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅ និងចក្ខុវិស័យដ៏មានសារៈសំខាន់នេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ដឹកនាំ វ័យក្មេងដ៏ឆ្នើម និងឈ្លាសវៃ បន្តបេសកកម្មដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទើបឈានដល់ប្រកាសខេត្តស្វាយរៀងក្នុងការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ។


ទន្ទឹមនឹងនេះ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នឹងបម្រើឧត្តមប្រយោជន៍របស់ប្រជាជនគ្រប់រូប និងតជំនាន់។ ជាមួយគ្នានេះ ជាមូលដ្ឋានច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ ម្យ៉ាងវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លីនឹងអនុញ្ញាតឱ្យខេត្តរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
ដោយ សួស សំរិត





