កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ទី៣ ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ទី៣ ចំនួន៩៨នាក់ ក្នុងនោះមាននារីចំនួន១៥នាក់ ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរបស់ខ្លួន និងក៏បានធ្វើមាតុភូមិនិវត្តន៍វិញ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកស្តីទីបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម សែម រតនា បានមានប្រសាសន៍ថា ការបញ្ជូនកងកម្លាំងមួកខៀវចំនួន ៩៨នាក់នៅថ្ងៃនេះ គឺជាកងកម្ទេចគ្រឿងផ្ទុះ ចំពេលដែលអាហ្វ្រិកកណ្តាលកំពុងប្រទះនឹងការកើនឡើងនូវ វត្តមានភាគីប្រដាប់អាវុធដែលបានវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខជាតិ។ កងទ័ពមួកខៀវកម្ពុជា ទាំង៩៨រូប នឹងក្លាយជាសមាជិកគ្រួសារតែមួយរបស់អង្គការសហប្រជាជាតិ សម្រាប់បុព្វហេតុរួមគឺសន្តិភាព និងមនុស្សធម៌ ដែលជាការលះបង់ដើម្បីសង្រ្គោះប្រជាជន និងសាសន៍ដទៃ និងជាការចែករំលែកបទពិសោធន៍លើបណ្តាប្រទេសដែលកំពុងរងគ្រោះដោយជម្លោះ។

ការចេញទៅបំពេញបេសកកម្មមនុស្សធម៌របស់កងមួកខៀវកម្ពុជាទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល បញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើង ស្មារតីធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាតម្លៃរួមក្នុងការស្វែងរកសន្តិភាព និងអនាគតដ៏ប្រសើរសម្រាប់មនុស្សជាតិ៕
ដោយ សំ សាម៉ន





