សិក្ខាសាលាស្ដីអំពីតួនាទី និងភារកិច្ចគ្រូបង្រៀនសតវត្សរ៍ទី២១
AKP កំពង់ធំ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក អ៊ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោកស្រី សុទ្ធ សុខនីន នាយិការងសាលាគោរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ លោក ឌុច សារ៉ាប៊ុនចាន់ អធិការអប់រំ លោក ម៉ាក់ សាននី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល និងលោកនាយក លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យ០៤ ក្នុងស្រុកកំពង់ស្វាយ និងអនុវិទ្យាល័យ០១ ក្នុងស្រុកសន្ទុក សរុបចំនួន៤១នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពី "តួនាទី និងភារកិច្ចគ្រូបង្រៀនសតវត្សរ៍ទី២១" កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។

លោក អ៊ិត វុឌ្ឍី បានបង្ហាញពីគោលបំណងនៃសិក្ខាសាលា រួមមាន៖ ១. អភិវឌ្ឍវិធីសាស្រ្តបង្រៀន និងរៀន ២. រំលឹកឡើងវិញនូវតួនាទី និងភារកិច្ចគ្រូបង្រៀន ៣. ការរៀបចំខ្លួនជាគ្រូបង្រៀនសតវត្សរ៍ទី២១ និង៤. ដើម្បីសម្រេចបាននូវសូចនាករស្ដង់ដាសាលាគំរូ។ នេះជាមោទនភាពចំពោះសាលាក្នុងខេត្តកំពង់ធំ ដែលបានជាប់ជាសាលារៀនគំរូចំនួន១១ដែលមាន មត្តេយ្យសិក្សាចំនួន០៣ សាលាបឋមសិក្សាចំនួន០៤ និងវិទ្យាល័យចំនួន០៤ ហើយជាប់ជាប្រធានមន្ទីរគំរូលេខ០៦ទូទាំងប្រទេសកម្ពុជាផងដែរ។

លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូដែលបានបំពេញតួនាទី/ភារកិច្ចក្នុងការបង្រៀន និងរៀន នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងវិស័យអប់រំ។ លោកគ្រូអ្នកគ្រូ ជាមាតាទី២ របស់សិស្សានុសិស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បំណិនជីវិត នៅក្នុងសាលារៀនដែលជាមាគ៌ាមួយឆ្ពោះទៅរកថ្ងៃអនាគតរបស់សិស្សានុសិស្ស។ សម្រាប់នៅតាមសាលារៀនមានការកែលម្អច្រើនទៅលើបរិស្ថាន ការបង្រៀននិងរៀន ការចូលរួមរបស់គណៈកម្មការសាលា និងដៃគូអភិវឌ្ឍផ្សេងៗ ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារសិក្សា និងថវិកាដល់សាលារៀនឱ្យមានដំណើរការដោយរលូន។ បន្ទាប់ពីសិក្ខាសាលាចប់ សូមលោកនាយក លោកគ្រូអ្នកគ្រូ ដើម្បីយកទៅអនុវត្តនៅតាមសាលារៀនឱ្យមានប្រសិទ្ធភាពនិងគុណភាពក្នុងវិស័យអប់រំឱ្យសិស្សានុសិស្សមានចំណេះដឹង និងជំនាញរបស់ខ្លួន កសាងប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់។

លោកស្រី សុទ្ធ សុខនីន ជាគ្រូឧទ្ទេស និងលោក ឌុច សារ៉ាប៊ុនចាន់ អធិការអប់រំ បានឡើងធ្វើបទបង្ហាញពីវិធីសាស្រ្តបង្រៀនជូនដល់ លោកនាយក លោកគ្រូអ្នកគ្រូ។ កម្មវិធីនេះប្រព្រឹត្តទៅដោយមានកិច្ចសហការណ៍ និងរៀបចំដោយអនុវិទ្យាល័យចំនួន៥ រួមមាន៖ ១. អនុវិទ្យាល័យព្រៃព្រាល ២. អនុវិទ្យាល័យកប់ថ្លុក ៣. អនុវិទ្យាល័យពាមគ្រែង ៤. អនុវិទ្យាល័យបញ្ញាជី និង៥. អនុវិទ្យាល័យនីពេជ និងគាំទ្រទាំងស្រុងពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ៕

ដោយ ស៊ុម វណ្ណា





