ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
AKP កំពង់ធំ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទស្ដីពីវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិជូនដល់កងម្លាំងចម្រុះដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់អូរឃ្មុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ណុត ឆៃយ៉ា អនុប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង បានឡើងរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលជាង៩ខែកន្លងទៅនេះ កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់អូរឃ្មង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ បានខិតខំប្រឹងប្រែងការពារ ទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិបានឡើយ ហើយបានរកឃើញផ្ទៃដីប្រមាណជាង១ពាន់ហិកតា ដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានមុនពេលកងកម្លាំងចម្រុះចេញធ្វើសកម្មភាពនាពេលកន្លងទៅនឹងបានធ្វើការគ្រប់គ្រងមិនឱ្យមានការបាត់បង់ដើម្បីរក្សាទុកជាដីព្រៃរបស់រដ្ឋ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈដោយគ្មានការកាប់ទន្ទ្រានព្រៃយកដីរដ្ឋធ្វើកម្មសិទ្ធិជាថ្មីទៀតបានឡើយហើយបច្ចុប្បន្នកងកម្លាំងចម្រុះកំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការល្បាតធ្វើសកម្មភាពមិនឱ្យមានបទល្មើសកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិកើតឡើងជាថ្មីទៀតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយបានបញ្ជាក់ថា ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ដែលបានសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យ គួរជាទីមោទនៈ។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានចេញបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់យោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ដាច់ខាតមិនឱ្យមានបទល្មើសធនធានធម្មជាតិទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទកើតមានជាថ្មីទៀតបានឡើយ។ កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្លួន ដោយមិនត្រូវចូលរួមឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិជាដាច់ខាត។ ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជានេះត្រូវទទួលវិន័យតាមច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទនិងច្បាប់របស់រដ្ឋ ដោយគ្មានការលើកលែងឡើយ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាល តំបន់អូរឃ្មង តំបន់ត្រពាំងប្រើស សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





