ឯកឧត្តម វង្ស ផាណាត អញ្ជើញបិទវគ្គនយោបាយជំនាន់ទី២៤ សម្រាប់គណបក្សមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម វង្ស ផាណាត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញបិទវគ្គនយោបាយជំនាន់ទី២៤ សម្រាប់គណបក្សមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុនៅសាលប្រជុំគណបក្សប្រជាជនខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៨៥នាក់។

ឯកឧត្តម វង្ស ផាណាត បានមានប្រសាសន៍បិទវគ្គនយោបាយជំនាន់ទី២៤ ដោយគូសបញ្ជាក់ថា វគ្គអប់រំរយៈពេល៣ថ្ងៃកន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន ដែលមានឯកសារសំខាន់ៗចំនួន៥ យកមកសិក្សាដោយគ្រូឧទ្ទេស ដើម្បីឱ្យសិក្ខាកាមរបស់យើងទទួលបានការយល់ដឹងថ្មីៗបន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរបទពិ សោធន៍ទៅវិញទៅមកមានភាពសុក្រឹតថែមទៀត ហើយចំពោះលទ្ធផលដែលវគ្គអប់រំនយោបាយដំណើរការបានល្អប្រសើរ ព្រមទាំងតម្រង់ទិសឪ្យអនុវត្តនូវដំណើរការយ៉ាងរលូន និងទទួលបានលទ្ធផលខ្ពស់។


ក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះសិក្ខាកាមដែលបានចូល រួមក្នុងវគ្គអប់រំនយោបាយជំនាន់ទី២៤ គោរពវិស័យ ប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គដោយយកចិត្តទុក ដាក់តាមដានស្តាប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស ព្រមទាំងបានសាកសួរនូវចំណុចដែលពុំទាន់បានយល់ច្បាស់ ដើម្បីឱ្យវគ្គទាំងមូលបង្កើតបាននូវបរិយាកាសរីករាយស្និទ្ធស្នាល ពិសេសការយល់ដឹងអំពីប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ នៃការដឹកនាំរបស់គណបក្ស លក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយរបស់គណបក្ស ការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស និងសភាពការណ៍កម្ពុជា ព្រមទាំងភារកិច្ចចំពោះមុខ គឺជាការងារចាំបាច់ដែលមន្ត្រីគណបក្សគ្រប់រូបត្រូវសិក្សាស្វែងយល់ ដើម្បីប្រតិបត្តិឱ្យបានល្អ សំដៅពង្រឹងប្រសិទ្ធភាពដឹកនាំ និងការគ្រប់គ្រងរបស់គណបក្សគ្រប់លំដាប់ថ្នាក់។ គណបក្សបានបើកវគ្គអប់រំនយោបាយគណបក្សតាមមន្ទីរ អង្គភាព ក្រុង ស្រុកចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចប្បន្ននេះ បាន ២៤វគ្គ មានសិក្ខាកាមចំនួន ១ ៨២២នាក់ ខ្ញុំជឿជាក់ថា សិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយពិតជាមានការយល់ដឹងមួយកម្រឹតថែមទៀត ដើម្បីបង្កើនសមត្ថភាព និងគុណធម៌សមស្របជាមន្ត្រីរបស់គណបក្ស ដើម្បីប្រជាជន និងដោយសារប្រជាជន។


ទន្ទឹមនឹងនេះ ឯកឧត្តម វង្ស ផាណាត បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងថ្មីៗប្រែក្លាយទៅជាកម្មភាពជាក់ស្តែងដោយប្រកាន់ភ្ជាប់នូវអត្តចរិត ក្រមសីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស គោរពប្រតិបត្តិលក្ខន្តិកៈគណបក្សឱ្យបានខ្ជាប់ខ្ជួន ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ សំដៅធ្វើសេវាការងារមានភាពរលូន បម្រើប្រជាជនបានល្អប្រសើរ ទោះបីការងារនោះតូចក្តី ធំក្តី ព្រោះវាផ្តើមចេញពីជោគជ័យនៃការ សម្រេចបានការងារតូច ធ្វើឱ្យយើងទទួលបានជោគជ័យនៃការសម្រេចបានការងារធំៗសំខាន់បន្ថែមទៀត៕
ដោយ ងូ សុមុនី





