ឯកឧត្តម ម៉ាង ស៊ីណេត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងឃុំព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិព្រៃនប់១ ព្រៃនប់២ ព្រៃនប់៣ ភូមិបត់សិរមាន់ និងភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅបរិវេណវត្តព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ចេង ស៊្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានធ្វើរបាយការណ៍សង្ខេបស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំព្រៃនប់ ជាលទ្ធផលនៃការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ ស្ថិតនៅឃុំព្រៃនប់ ចំនួនក្បាលដីដែលគណៈកម្មការរដ្ឋបាលបានលើកសំណើផ្តល់សិទ្ធិជាកម្មសិទ្ធិ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋមានចំនួន ២ ២៦៦ក្បាលដី ក្នុងនោះ ភូមិព្រៃនប់១ មានចំនួន៣៩០ក្បាលដី ភូមិព្រៃនប់២ ចំនួន៦១៧ក្បាលដី ភូមិព្រៃនប់៣ មានចំនួន៣៩៩ក្បាលដី ភូមិបត់សិរមាន់មានចំនួន៥២០ក្បាលដី និងភូមិបែកក្រង់មានចំនួន ៣៤០ក្បាលដី។ បណ្ណកម្មសិទ្ធិ គឺជាឯកសារគតិយុត្តដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាម្នាក់មកដកហូត ឬរំលោភយកបានឡើយ។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់ក្បាលដី តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមអបអរសាទរពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅភូមិព្រៃនប់១ ភូមិព្រៃនប់២ ភូមិព្រៃនប់៣ ភូមិបត់សិរមាន់ និងភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងទទួលបាននូវសេចក្តីសោមនស្សរីករាយជាមួយនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខក្សេមសាន្ត ក្រោមម្លប់នៃសន្តិភាព។ ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ១១១ភូមិ នៅទូទាំងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អគួរជាទីមោទក ទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងទៅជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពុះពារបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈប្រកបដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូបនៃការចាប់ផ្តើមទំព័រកម្ពុជាសហសម័យ ដើម្បីតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាអារ្យប្រទេស។

ឯកឧត្តមអភិបាលខេត្តជឿជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ធ្វើឱ្យទំនាស់ដីធ្លីអាចនឹងត្រូវកាត់បន្ថយបានជាច្រើនផងដែរ និងបានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋត្រូវរក្សាបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានត្រឹមត្រូវ ព្រោះមានតម្លៃសម្រាប់បងប្អូនយកទៅប្រើប្រាស់តាមផ្លូវច្បាប់៕
ដោយ ងូ សុមុនី





