សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ នៅក្រុងដូនកែវ
AKP តាកែវ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅក្នុងបរិវេណសាលាក្រុងដូនកែវ ខេត្តតាកែវ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានរៀបចំពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៣គ្រួសារ មកពីសង្កាត់ទាំង៣ក្នុងក្រុងដូនកែវ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនោះ ដោយលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយលោកប្រធាន អនុប្រធាន និងសមាជិក អនុសាខាកាកបាទក្រហមកម្ពុជាក្រុងដូនកែវ។

មានប្រសាសន៍សំណេះសំណាលនៅពេលនោះ លោក ម៉ឹង វុធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រមានជំងឺ។ ជាពិសេសកាកបាទក្រហមកម្ពុជា តែងតែនៅកៀកជាប់ជាមួយបងប្អូន នៅពេលបងប្អូនជួបការលំបាកជួបគ្រោះថ្នាក់ផ្សេងៗ តែងតែនាំអំណោយចែកជូនបងប្អូនបានទាន់ពេលវេលា ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់បងប្អូន។

លោក ម៉ឹង វុធី បានមានប្រសាសន៍បន្តថា ឱ្យតែបងប្អូនជួបការលំបាកខ្វះខាតកាកបាទក្រហមកម្ពុជា ចុះយកអំណោយចែកជូនបងប្អូនភ្លាមៗ ដោយមិនទុកឱ្យបងប្អូនខ្វះខាតលើជីវភាពកាន់តែធ្ងន់ធ្ងរជាងនេះ។ ដោយធ្វើយ៉ាងណាឱ្យបងប្អូនជួបការលំបាកខ្វះខាត មានជីវភាពរស់នៅបានសមរម្យហូបចុកគ្រប់គ្រាន់។ កាកបាទក្រហមកម្ពុជាជួយដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា និងនិន្នាការនយោបាយអ្វីទាំងអស់ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។


លោក ម៉ឹង វុធី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយបានផ្ដល់ឱ្យចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ ដោយឥតគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត។ ដើម្បីឱ្យយុវជនមានជំនាញមួយពិតប្រាកដ ជួយលើកស្ទួយជីវភាពពួកគាត់ឱ្យកាន់តែល្អប្រសើរឡើង។
សូមជម្រាបជូនថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង នំធុង១ និងថវិកាមួយចំនួនទៀត៕
ដោយ អ៊ុច សៀង





