ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃអង់តែនឃុំបឹងល្វា
AKP កំពង់ធំ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីវេលាម៉ោង១ និង៣៥នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការបង្ក្រាបបទល្មើសកាប់ នឹងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់៣៥ ព្រៃអង់តែនស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់៤៤ បានរាយការណ៍ថា នៅវេលាម៉ោង១និង៣០នាទី ក្រុមជនល្មើសមានគ្នាប្រហែលពី៦ទៅ៨នាក់បានរៀបចំដឹកជញ្ជូនឈើ ដែលបានលួចកាប់រួចថ្មីៗនៅពេលយប់ចំនួន៣គោយន្តកន្ត្រៃយ៍នៅតំបន់៣៥ ដែលជាតំបន់ព្រៃឈើ រក្សាទុករបស់រដ្ឋ ហៅព្រៃអង់តែន នៅឃុំបឹងល្វា ស្រុកសន្ទុក។ ពេលទទួលបានព័ត៌មាននេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបញ្ជាឱ្យកងកម្លាំងដែលប្រចាំការនៅទីនោះ សហការគ្នា ដើម្បីគ្រប់គ្រងកុំឱ្យការដឹកជញ្ជូននូវបទល្មើសព្រៃឈើនេះចេញបានជាដាច់ខាត។ ក្នុងឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ដោយផ្ទាល់ចេញពីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅកាន់គោលដៅដើម្បីបង្ក្រាបបទល្មើសការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលដែលកម្លាំងប្រតិបត្តិការមានគ្នាតិច ក្រុមជនល្មើសដែលដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃយ៍ បានកាប់ទម្លាក់ឈើចុះរួចបើកគោយន្តកន្ត្រៃយ៍គេចខ្លួនចូលព្រៃបាត់នៅមុនពេលដែលកងកម្លាំងអន្តរាគមន៍បានទៅដល់។ ក្រោយពេលធ្វើដំណើរអស់រយៈពេលជាង១ម៉ោងកងកម្លំាងអន្តរាគមន៍បានទៅដល់ជាលទ្ធផលក្នុងពេលប្រតិបត្តិការនេះគឺរឹបអូសបានតែអនុផលព្រៃឈើ ដែលជនល្មើសបានកាប់ និងដឹកជញ្ជូនបានឈេីមូលចំនួនជាង៥ម៉ែត្រគូប ហើយត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរក្សាទុក។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បន្តធ្វើការស្រាវជ្រាវវែកមុខរកជនល្មើស ដែលលួចកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ដើម្បីមានវិធានការ តាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ ហើយត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើនេះមិនឱ្យមានការកើតឡើងជាថ្មីទៀតបានឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





