សមាគមអតីតយុទ្ធជនកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយអង្គការអតីតយុទ្ធជនសង្គ្រាមនៃប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (Detnitit Luangngamkum) អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមនៃប្រទេសថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធកម្ពុជា ជាមួយអង្គការអតីតយុទ្ធជនសង្គ្រាមនៃប្រទេសថៃ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

អនុស្សរណៈយោគយល់នេះមានគោលបំណងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀត លើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងបន្តសកម្មភាពឱ្យកាន់តែផុសផុលថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឱ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។

ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា កម្ពុជា និងថៃជាប្រទេសភូមិផងរបងជាប់គ្នា មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ បច្ចុប្បន្នប្រទេសយើងទាំងពីរទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ចំណែកប្រជាជនយើងទាំងពីរ ជាពិសេសប្រជាជននៅខេត្តជាប់ព្រំដែន បានប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរ ពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមកដោយរីករាយ។
ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងក្តីសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះនឹងទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការអភិវឌ្ឍអតីតយុទ្ធជន ឱ្យកាន់តែមានជីវភាពប្រសើឡើង និងជាពិសេសទទួលបាននូវបទពិសោធន៍ដ៏ល្អៗ ពីអង្គការអតីតយុទ្ធជនសង្គ្រាមថៃ ដែលជាអង្គការការចាស់ទុំជាងគេក្នុងតំបន់អាស៊ាន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ ក្នុងការដឹកនាំវិស័យអតីតយុទ្ធជន ដើម្បីសមាគមអតីតយុទ្ធជនកម្ពុជារៀនសូត្រ និងដកបទពិសោធន៍៕
ដោយ សំ សាម៉ន





