អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០ស្ថាប័នចុះទៅដល់សហគមន៍កសិកម្មក្នុងខេត្តសៀមរាប និងកំពង់ធំដែលកំពុងអនុវត្តកសិអេកូឡូស៊ីយ៉ាងសកម្ម
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
បណ្តាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) សហការជាមួយគម្រោង TETARD នៃអង្គការ Gret រួមនឹងដៃគូមួយចំនួនទៀត បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០ស្ថាប័ន ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលកំពុងអនុវត្តដោយជោគជ័យដោយសហគមន៍ដាំដុះដំណាំ និងចិញ្ចឹមសត្វនៅក្នុងខេត្តទាំងពីរនេះ។

បើតាមលោក ប៉ាត សុវណ្ណ មន្ត្រីអង្គការ Gret បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សារបស់អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០ស្ថាប័ន ដែលមានគ្នាជិត៣០នាក់នាពេលនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីកសិអេកូឡូស៊ី និងអត្ថប្រយោជន៍របស់វាសម្រាប់អ្នកប្រើប្រាស់ អ្នកផលិត និងបរិស្ថាន។ លោកបានបន្ថែមថា កសិអេកូឡូស៊ីគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងបរិស្ថាន។ វិធីសាស្ត្រធ្វើកសិកម្មដែលផ្ដោតលើការគ្រប់គ្រងប្រព័ន្ធកសិដ្ឋានទាំងមូល ដោយអនុលោមទៅតាមច្បាប់ធម្មជាតិ និងការរក្សាតុល្យភាពបរិស្ថានវាលើសពីការធ្វើកសិកម្មបែបធម្មតា ដោយវារួមបញ្ចូលទាំងបច្ចេកទេសវិទ្យាសាស្ត្រ និងការការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព។

អ្នកជំនាញរបស់អង្គការ Gret បានឱ្យដឹងដែរថា លក្ខណៈពិសេស និងគោលការណ៍សំខាន់ៗនៃកសិកម្មអេកូឡូស៊ី រួមមាន៖ ការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីកសិកម្មជាអតិបរមា ឬការកាត់នូវការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុល និងឈានទៅបញ្ឈប់ការប្រើប្រាស់តែម្តង ហើយផ្ទុយទៅវិញគេប្រើប្រាស់នូវជីធម្មជាតិដូចជា ជីកំប៉ុស្ត ជីលាមកសត្វ ឬជីស្រស់ជាដើម ដើម្បីដំណាំគ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ការបង្កើនជីវចម្រុះ៖ វាមិនមែនជាការដាំដុះតែដំណាំមួយមុខនោះទេ ប៉ុន្តែជាការដាំដុះចម្រុះ មានដូចជា ការដាំដំណាំឆ្លាស់៖ ការផ្លាស់ប្តូរប្រភេទដំណាំនៅលើដីតែមួយដើម្បីរក្សាជីវជាតិដី ការដាំដំណាំចម្រុះ៖ ការដាំដំណាំច្រើនមុខក្នុងពេលតែមួយ ដែលជួយគ្នាទៅវិញទៅមក (ឧទាហរណ៍៖ ដាំដំណាំដែលផ្ដល់អាសូតដល់ដី រួមជាមួយដំណាំហូបផ្លែ)។ ការថែរក្សាសុខភាពដី និងទឹក៖ កសិអេកូឡូស៊ីចាត់ទុកដីគឺជាភាវៈរស់។ ការរក្សាសំណើមដី ការការពារសំណឹក និងការបង្កើនពពួកបាក់តេរីល្អៗនៅក្នុងដី គឺជាអាទិភាពចម្បង។ ការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការការពារប្រភពទឹកមិនឱ្យមានការបំពុលពីសារធាតុគីមី។ និរន្តរភាព និងភាពធន់៖ វាជួយឱ្យកសិដ្ឋានមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត ឬទឹកជំនន់។ កាត់បន្ថយការចំណាយលើធាតុចូលពីខាងក្រៅ (ដូចជាគ្រាប់ពូជក្រុមហ៊ុន ឬថ្នាំគីមីថ្លៃៗ) ដោយពឹងផ្អែកលើធនធានដែលមានស្រាប់ក្នុងមូលដ្ឋាន។ អត្ថប្រយោជន៍ចំពោះអ្នកបរិភោគ៖ ទទួលបានកសិផលដែលសុវត្ថិភាព គ្មានសំណល់ជាតិពុល និងមានជីវជាតិខ្ពស់ ហើយចំពោះកសិករអាចកាត់បន្ថយការចំណាយ បង្កើនចំណូលរយៈពេលវែង និងការពារសុខភាពអ្នកដាំដុះ។ រីឯចំពោះបរិស្ថានវិញគឺ ជួយបង្កើនគម្របបៃតង កាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ និងរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យនៅគង់វង្ស។

សរុបសេចក្តីមក កសិអេកូឡូស៊ីមិនត្រឹមតែជាការដាំដុះដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការធ្វើកសិកម្មដែលរស់នៅដោយសុខដុមជាមួយនឹងធម្មជាតិថែមទៀតផង៕
ដោយ៖ ចាន់ សុភឿន





