វគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្សនៅឃុំកំពង់ចិនជើង
AKP កំពង់ធំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកស្ទោង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្សនៅឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ មន្ត្រីមន្ទីរកិច្ចការនារីខេត្ត អភិបាលរងស្រុក ប្រធានការិយាល័យសង្គម និងសុខុមាលភាពសង្គមស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋសរុបចំនួន១០២នាក់ (ស្រី៦៧នាក់)។

លោកស្រី ស៊ិន ស៊ីផាន បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍អំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្សហើយជាចំណុចដែលរសើបបំផុតក្នុងការរស់នៅក្នុងគ្រួសារ ក៏ដូចជានៅក្នុងសហគមន៍និងសង្គមជាតិទាំងមូលផងដែរនិងមានអាទិភាពខ្ពស់និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាព ការពង្រឹងសិទ្ធិអំណាចរបស់មនុស្សគ្រប់ៗរូប និងជាពិសេសកុមារដែលជាទំពាំងឬស្សីក្នុងការអភិវឌ្ឍឱ្យមានស្ថេរភាព សន្តិសុខ កាន់តែប្រសើរឡើង។ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិមនុស្សគ្រប់រូបឱ្យទទួលបាននូវឱកាសស្មើគ្នារស់នៅធ្វើជាមនុស្សល្អនៅក្នុងសង្គមជាតិទាំងមូល។ មនុស្សដែលមានធនធានសម្រាប់ខ្លួនឯងក្រុមគ្រួសារសហគមន៍ និងសង្គមជាតិទាំងមូល ក្នុងនោះដែរលោកក៏បានជួយដល់ជនរងគ្រោះដោយផ្ដល់មេធាវីដោយមិនគិតថ្លៃសម្រាប់ជនរងគ្រោះដែលក្រីក្រមានជីវភាពខ្វះខាត។

កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពពុំមានឱកាសក្នុងការអភិវឌ្ឍន៍សង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីផ្ដល់ឱកាសឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលបច្ចុប្បន្នមានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតីនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយបន្ថែមទៀតក្រៅពីធ្វើស្រែក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។
ក្នុងឱកាសនោះ លោកស្រីប្រធានមន្ទីរក៏បានបញ្រ្ជាបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តឱ្យស្រ្តីមានផ្ទៃពោះយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពម្តាយ និងទារកបញ្ហាស្លាប់កើតនិងកើតស្លាប់មានការកើនក្នុងឆ្នាំ២០២៥។ ដូច្នេះដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់លោកស្រីប្រធានបានជំរុញឱ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យតាមការណាត់របស់គ្រូពេទ្យនិងលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបថែទាំសុខភាពមានអនាម័យល្អហើយអាណាព្យាបាលដែលមានកូនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។នៅក្នុងឆ្នាំ២០២៧ខាងមុខមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រនៅឆ្នាំ២០២៨។
លោកស្រីអភិបាលរងស្រុកស្ទោង និងលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី និងក្មេងស្រីបានចូលរួមការងារផ្សេងៗនៅក្នុងសង្គម "ជួយស្ត្រីគឺជួយខ្លួនឯង" ស្ត្រីជាឆ្អឹងខ្នងនៃប្រទេសជាតិដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងកាបង្កើនប្រាក់ចំណូលក្នុងគ្រួសារមានជីវភាពប្រសើឡើង។ ជាងនេះទៅទៀតលោកស្រីក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់ខ្មែរ និងខ្មែរចេះជួយខ្មែរ ពាក់ព័ន្ធនឹងរឿងព្រំដែនសមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខ និងចូលរួមប្រើប្រាស់ផលិតផលខ្មែរ៕
ដោយ ស៊ុម វណ្ណា





