រដ្ឋបាលខេត្តកណ្តាលផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវស្តីពី ស.ស.យ.ក ២.០ ឆ្ពោះទៅឆ្នាំ២០២៨
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវស្តីពី សហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ (UYFC 2.0) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា (ស.ស.យ.ក) ខេត្តគ្រប់ថ្នាក់ជាច្រើនរូប តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ (ស.ស.យ.ក) តាមបណ្ដាក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តខិតខំកសាង និងបង្កើនចំនួនសមាជិក សមាជិកា (ស.ស.យ.ក) ឱ្យបានកាន់តែច្រើនឡើង និងឆាប់រហ័ស ដើម្បីពង្រីកវិសាលភាព នៃចលនាយុវជនស្ម័គ្រចិត្តចូលរួមក្នុងការងារសង្គម។ ត្រូវបន្តការងារពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់ជាន់ថ្នាក់ ចាប់ពីកម្រិតក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់តាមបណ្តាវិទ្យាល័យនានា ដើម្បីធានាបាននូវសហប្រតិបត្តិការល្អ កាន់តែសកម្ម និងការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើការក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ (ស.ស.យ.ក) គ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកា (ស.ស.យ.ក) ទាំងអស់ សូមបន្តខិតខំចូលរួមក្នុងការងារសង្គមឱ្យបានកាន់តែសកម្មថែមទៀត ដូចជាការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ការដាំដើមឈើដើម្បីបង្កើនគម្របបៃតង ការធ្វើអនាម័យបរិស្ថាន ការងារផ្ដល់ឈាម និងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ។ ជាងនេះទៅទៀត ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំយុវជន សូមជួយជ្រោមជ្រែងឱ្យយុវជនយល់ដឹងអំពី បញ្ញាសិប្បនិម្មិត (AI) ពីព្រោះការយល់ដឹងពីបច្ចេកវិទ្យាថ្មីនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ និងការអនុវត្តការងារឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់សម្រាប់យុវជន។
សូមជម្រាបផងដែរថា ឯកសារផែនទីបង្ហាញផ្លូវនេះ មានទិសដៅដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ (ស.ស.យ.ក) ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ។ ហើយក៏ជាជំហានថ្មីមួយក្នុងការធ្វើទំនើបកម្មចលនាយុវជនកម្ពុជា ឱ្យស្របទៅតាមការវិវត្តនៃសង្គមឌីជីថល និងដើម្បីប្រែក្លាយយុវជនឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





