អភិបាលខេត្តតាកែវអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តសីហរតនារាមក្នុងក្រុងដូនកែវ
AKP តាកែវ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- នៅវត្តសីហរតនារាមស្ថិតនៅក្នុងភូមិឡូរី សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំប្រារពពិធីបុណ្យមាឃបូជា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកលោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត តាជីយាយជី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា បុណ្យមាឃបូជាគឺជាពិធីបុណ្យពុទ្ធសាសនាដ៏សំខាន់មួយ ដែលអ្នកកាន់សាសនាព្រះពុទ្ធទូទាំងពិភពលោក តែងតែប្រារពធ្វើឡើងជារៀងរាល់ឆ្នាំ។ព្រះសាមាសាមពុទ្ធនៃយើង ទ្រង់ប្រកាសបង្កើតសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជនាថ្ងៃ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ពិធីបុណ្យមាឃបូជានេះប្រារពឡើងដោយសារហេតុ៣យ៉ាងគឺ៖ ទី១. ដើម្បីរំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គអង្គសន្និបាត ទី២. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូសម្ដែងឱវាទបាតិមោក្ខ និងទី៣. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូដាក់ព្រះជន្មាយុសង្ខារនឹងចូលនិព្វាន៣ខែបន្ទាប់។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា ការរៀបចំពិធីបុណ្យតាមសាសនានេះឡើងបាន គឺដោយសារប្រទេសជាតិយើងបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ដោយសារសន្តិភាពនេះហើយ ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលរកបានដោយលំបាកនេះឱ្យស្ថិតថេរគង់វង្សជានិរន្តរ៍ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕


ដោយ អ៊ុច សៀង





