ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីស្វែងយល់ពីសមិទ្ធផលសំខាន់ៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

ជំនួបនោះធ្វើឡើងដើម្បីឱ្យថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូននូវព័ត៌មានសំខាន់ៗមួយចំនួន រួមមាន៖ ១. លទ្ធផលនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ២. សមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៤ និង៣. ផែនការសកម្មភាព ដែលជាអាទិភាពរបស់ក្រសួង ក្នុងឆ្នាំ២០២៥។

ដោយគោរពយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ គឺ៖ ១. ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង២. ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដែលក្នុងនោះក្រសួងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល។

ដើម្បីគាំទ្រដល់ចក្ខុវិស័យដែលបានដាក់ចេញ ក្រសួងមានយន្តការគន្លឹះសំដៅពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ក្នុងការលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដូចជា ការងារកំណែទម្រង់អភិបាលកិច្ចផ្ទៃក្នុង និងលើកកម្ពស់សមត្ថភាព ២. ការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣.ការងាររៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងបទដ្ឋានបច្ចេកទេស និង៤. ការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា។

បន្ថែមពីនេះ ក្រសួងក៏មានទិសដៅអនុវត្តបន្តដោយគោរពទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)





