សហព័ន្ធប្រដាល់គុនខ្មែរសម្រេចកែសម្រួលលក្ខខណ្ឌចាប់គូ២ចំណុច
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥--ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាវ បានចេញលិខិតផ្លូវការ ដោយបានសម្រេចកែសម្រួលលើលក្ខខណ្ឌ២ចំណុចសំខាន់ៗ ក្នុងការចាប់គូប្រកួតនៅតាមស្ថានីយទូរទស្សន៍នានា និងកម្មវិធីប្រកួតផ្សេងៗទៀត។

សេចក្តីសម្រេចនេះបានធ្វើឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីសហព័ន្ធយល់ឃើញថា វិស័យកីឡាប្រដាល់គុនខ្មែរកំពុងមានការរីកចម្រើនកម្មវិធីប្រកួតទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត និងសំណូមពររបស់សមាគម ក្លឹប គ្រូបង្វឹក កីឡាករ-កីឡាការិនី និងដៃគូអភិវឌ្ឍន៍អំពីតម្រូវការកីឡាករ-កីឡាការិនី។
ឯកឧត្តម ខូវ ឆាយ បានពន្យល់ថា សហព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយ ដោយពិនិត្យឃើញថា កីឡាករ-កីឡាការិនីមួយចំនួន ប្រកួតយកឈ្នះលើគូប្រកួតនៅក្នុងទឹកទី១ មិនបានប្រើថាមពល និងកម្លាំងច្រើន និងមួយចំនួននៅរក្សាបានកាយសម្បទារឹងមាំ សុខភាពល្អ គុណផលខ្ពស់។ ដើម្បីឆ្លើយតប និងតម្រូវការកីឡាករ-កីឡាការិនីចូលរួមប្រកួតនៅតាមកម្មវិធីនានា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកែសម្រួលលក្ខខណ្ឌចាប់គូ ចំនួន២ចំណុច គឺ១-កីឡាករ-កីឡាការិនីបន្ទាប់ពីប្រកួតហើយ ត្រូវសម្រាករយៈពេលយ៉ាងតិច៩ថ្ងៃទើបអាចចាប់គូប្រកួតទៀតបាន លើកលែងតែការប្រកួតម៉ារ៉ាតុង (ប្រកួតជម្រុះ) និងមានការអនុញ្ញាតពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ២-កីឡាករ-កីឡាការិនីដែលប្រកួតទទួលជ័យជម្នះលើគូប្រកួតនៅក្នុងទឹកទី១ មិនទាន់បានប្រើថាមពល និងកម្លាំងច្រើន អាចចាប់គូប្រកួតនៅសប្តាហ៍បន្ទាប់ទៀតបាន ប៉ុន្តែមុនចាប់គូឱ្យប្រកួត តម្រូវឱ្យត្រួតពិនិត្យកាយសម្បទា និងសុខភាពពីគ្រូពេទ្យរបស់សហព័ន្ធប្រដាល់គុនខ្មែរជាមុន៕


ដោយ ហេង ណាលីន





