បេសកកម្មផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រោមការរៀបចំ និងដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកសារព័ត៌មានជាង៥០នាក់មកពីជាង២០ស្ថាប័ន បានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ សម្រាប់បេសកកម្មផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តទាំងពីរនេះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមក្តីរំពឹងពីក្លិបអ្នកកាសែតកម្ពុជាថានឹងមានអត្ថបទសារព័ត៌មានជាច្រើននឹងត្រូវបានចុះផ្សាយទាំងក្នុង និងក្រៅប្រទេសជា៥ភាសាផ្សេងៗគ្នា ដែលរួមមាន ភាសាខ្មែរ បារាំង វៀតណាម ចិន និងភាសាអង់គ្លេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិ និងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀត។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា បេសកកម្មលើកនេះហាក់ប្លែកបន្តិចពីបេសកកម្មកន្លងមកដោយយើងបានផ្តោតទៅលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ដែលជាវិស័យដ៏មានសក្តានុពលក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភូមិភាគឦសានទាំងពីរនេះហាក់ដូចជាមិនទាន់ទូលំទូលាយនៅទ្បើយ។

លោកបានបន្តថា នេះគឺជាបេសកកម្មលើកទី៧របស់ក្លិបអ្នកកាសែតកម្ពុជា បន្ទាប់ពីបេសកកម្មដ៏មានសារៈសំខាន់បែបនេះត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់ទៅតាមខេត្តនានា រួមមាន ខេត្កព្រះសីហនុ កែប សៀមរាប ខេត្តពោធិ៍សាត់ និងរមណីយដ្ឋានឋានសួគ៌បូកគោនាពេលកន្លងទៅ ហើយថាក្លិបនឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ដោយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ក្លិប ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕
ដោយ៖ ចាន់ សុភឿន





