ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅស្រុកព្រៃនប់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី វាល់ ច័ន្ទវលក្ខណ៍ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ មន្ត្រីសាខា មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តសាខា កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន១៤គ្រួសារ ដោយសារអគ្គិភ័យ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយនូវគ្រោះធម្មជាតិភ្លើងឆេះផ្ទះ ជូនដល់ក្រុមគ្រួសាររងគ្រោះពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អុនប្រជាពលរដ្ឋនូវទូទាំងប្រទេស ដោយមិនទុកឪ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់ ខ្វះស្បៀងដោយយើងមិនបានគិតគូរនោះទេ ហើយអំណោយដែលបានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនគិតពីនិន្នាការនយោបាយ វណ្ណៈ ពូជសាសន៍ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហម ព្រោះទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា នៅជាមួយបងប្អូនគ្រប់ពេលវេលា។

ជាមួយគ្នានោះដែរ លោកអនុប្រធានគណៈកម្មាធិការសាខាបានក្រើនរំលឹក និងបានធ្វើការអំពាវនាវជូនចំពោះប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យនៅរដូវក្តៅនេះ ដែលអាចនឹងកើតមានគ្រប់ពេលវេលា ប្រសិនបើយើងមានការធ្វេសប្រហែសណាមួយ។ ហេតុដូច្នេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ដើម្បីរួមគ្នាការពារសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។

សូមជម្រាបជូនថា សម្ភារដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យចំនួន១៣គ្រួសារដែលរងការប៉ះពាល់ស្រាល ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី ១យួរ តង់១ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន២០ម៉ឺនរៀល។ ចំណែកមួយគ្រួសាររងគ្រោះឆេះផ្ទះអស់ទាំងស្រុងទទួលបានអង្ករ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ តង់១ កន្ទេល១ សម្ភារផ្ទះបាយ១ឈុត ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន១លានរៀល៕


ដោយ ងូ សុមុនី





