អភិបាលរងខេត្តកំពង់ធំដឹកនាំមន្ត្រីរាជការសិស្សានុសិស្សចូលរួមពិធីបុណ្យមាឃបូជានៅវត្តឥន្ទ្រីយ៍សំវរៈ
AKP កំពង់ធំ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ រួមជាព្រះសង្ឃ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជាង២០០អង្គ/នាក់ បានចូលរួមពិធីបុណ្យមាឃបូជាដែលរៀបចំធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ (វត្តកំពង់ធំ)ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ញឹក បានខេង បានមានប្រសាសន៍ថា បុណ្យមាឃបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនាដែលអ្នកកាន់សាសនាព្រះពុទ្ធទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ពិធីបុណ្យមាឃបូជាបានប្រារព្ធឡើងដោយសារហេតុ៣យ៉ាង៖ ទី១. ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុអង្គសន្និបាត ទី២. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទបាតិមោក្ខ និងទី៣. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារដែលទ្រង់នឹងចូលបរិនិព្វាន្ត៣ខែបន្ទាប់។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការរៀបចំពិធីបុណ្យសាសនានេះគឺដោយសារប្រទេសជាតិយើងបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារសន្ដិភាពនេះហើយទើបយើងមានអ្វីៗដូចសព្វថ្ងៃ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្ដិភាពដែលរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង្សជានិរន្ត៍ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋទាំងមូលកាន់តែរីកចម្រើន៕



ដោយ ស៊ុម វណ្ណា





