គ្រឹះស្ថានសិក្សាគោលដៅ៤០សាលាក្នុងខេត្តកំពង់ធំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា
AKP កំពង់ធំ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- គ្រឹះស្ថានសិក្សាគោលដៅចំនួន៤០សាលាក្នុងខេត្តកំពង់ធំធ្វើយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ធំ លោក ប៊ី រីដែន មន្ត្រីអង្គការហែឡែនខែលល័រអន្តរជាតិប្រចាំខេត្ត ប្រធាន អនុប្រធាន និងមន្ត្រីទទួលបន្ទុកសុខភាពសិក្សារបស់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកទាំង៣ មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពគោលដៅ លោកមេភូមិ គ.ក.ន.កឃុំ អ្នកទ្រទ្រង់សុខភាពភូមិប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រមាណ១០៦៨០នាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ប៊ី រីដែន បានលើកឡើងថា ដើម្បីចូលរួមសម្រេចបាននូវវិធានការគន្លឹះទី៣របស់វិស័យអប់រំដែលជាអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានសហការជាមួយអង្គការហែឡែនខែលល័រអន្តរជាតិ (Helen Keller.Int) ប្រចាំខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយអំពីហានិភ័យនៃជំងឺមិនឆ្លងនៅកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាគោលដៅរបស់គម្រោងទាំង៤០សាលាដែលក្នុងនោះ នៅស្រុកតាំងគោកមានចំនួន១៤សាលា ស្រុកសន្ទុកចំនួន១៣សាលា និងស្រុកស្ទោងចំនួន១៣សាលា។

លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបង្ហាញពីគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងពីប្រភេទជំងឺមិនឆ្លង និងកត្តាហានិភ័យធំៗទាំង៤ដែលនាំឱ្យមានជំងឺមិនឆ្លងគឺ៖ ១. ទម្លាប់នៃការទទួលទានអាហារប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើន។ ២. កង្វះការហាត់ប្រាណ ឬសកម្មភាពរាងកាយ។ ៣. ការទទួលទានគ្រឿងស្រវឹងនិង៤. ការទទួលទានបារីព្រមទាំងពីវិធីការពារពីការកើតឡើងនៃជំងឺមិនឆ្លង ដោយយកចិត្តទុកដាក់លើការទទួលទានអាហារដែលផ្ដល់នូវសុខភាពគឺស្ករតិច អំបិលតិច និងខ្លាញ់តិច ការហាត់ប្រាណឱ្យបាន៣០នាទីក្នុង១ថ្ងៃជាប្រចាំកាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីជាដើម។

ជាមួយគ្នានោះដែរ មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពគោលដៅក៏មានការពិនិត្យសុខភាពជូនប្រជាពលរដ្ឋដែលបានចូលរួមដោយឥតគិតថ្លៃ ដោយមន្ត្រីនៃមណ្ឌលសុខភាព ព្រមទាំងមានការចូលរួមហាត់ប្រាណរយៈពេល៣០នាទីពីលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សតាមសាលារៀននីមួយៗផងដែរ៕


ដោយ ស៊ុម វណ្ណា





