រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបុណ្យមាឃបូជា
AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រារព្ធនូវបុណ្យមាឃបូជា នៅវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថា បុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏មានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនាដែលប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅក្នុងប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុន គ.ស នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ហើយក៏ជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ព្រោះពិធីបុណ្យនេះបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ។

ទន្ទឹមនឹងនេះ លោកស្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាលដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងសុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ តាំងពីក្រុងដល់ជនបទ ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាតិ សាសនា ព្រះមហាក្សត្រ។ ក្រៅពីនេះបានចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងផងដែរ។

លោកស្រីបានបន្ថែមទៀតថា ត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការ រចនាសម្ព័ន្ធសន្តិសុខ និងរៀបចំកម្លាំងការពារយ៉ាងជាក់លាក់ដើម្បីជូនប្រពលរដ្ឋ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្តផ្តល់ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យដំណើរការនៃការរៀបចំការប្រារពពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសម្រេចបានជោគជ័យ ។
លោកស្រីអភិបាលរងបានបញ្ជាក់ទៀតថា ពិធីបុណ្យមាឃបូជាមានការនិមន្តព្រះសង្ឃផ្តល់ឱវាទអប់រំផ្លូវចិត្ត ធ្វើសមាធិដល់ពុទ្ធបរិស័ទ និងការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។ ស្មារតីយ៉ាងសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដោយប្រកាន់ភ្ជាប់នូវអំពើល្អ ប្រកបដោយសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណវប្បធម៌ជាតិខ្មែរឱ្យនៅគង់វង្សយូអង្វែង៕
ដោយ បៃ ស៊ីថុន





