វត្តដំណាក់ និងរដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីបុណ្យមាឃបូជា
AKP សៀមរាប ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅថ្ងៃ១៥កើត ខែមាឃ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាថ្ងៃនៃពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំ គឺ "បុណ្យមាឃបូជា"។ នៅប្រទេសកម្ពុជា ប្រជាជនអ្នកគោរពព្រះពុទ្ធសាសនា បាននាំគ្នាប្រារព្ធពិធីនេះយ៉ាងឱឡារិក។ ជាក់ស្តែងនៅវត្តដំណាក់ ក្រុងសៀមរាប រួមជាមួយនឹងអាជ្ញាធរខេត្តសៀមរាប ក៏បានរៀបចំពិធីបុណ្យមាឃបូជានេះ ដោយមានអ្នកចូលរួមដង្ហែរាប់ពាន់នាក់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ។


ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ បានមានសង្ឃដីកាថា ជារៀងរាល់ថ្ងៃ១៥កើតពេញបូណ៌មី ខែមាឃ ពុទ្ធបរិស័ទវត្តដំណាក់ និងអាជ្ញាធរខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីដ៏ធំនេះគឺបុណ្យ "មាឃបូជា" ។ បុណ្យមាឃបូជាជាពិធីបុណ្យមួយដែលគេប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ។



ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដើម្បីរំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុឡើយ និងដើម្បីប្រារព្ធរំឭកដល់ព្រឹត្តិការណ៍ធំៗ៣ គឺ ទី១. រំឭកដល់ថ្ងៃធ្វើចតុរង្គសន្និបាតដែលព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ។ ទី២. រំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានដាក់អាយុសង្ខារ និងទី៣. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ៕
ដោយ ឃុត សៅ





