អភិបាលស្រុកស្ទោងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ
AKP កំពង់ធំ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចែកធុងចម្រោះចំនួន១ពាន់ធុងជូនប្រជាពលរដ្ឋមកពីឃុំសំព្រោជ និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ នៅសាលាស្រុកស្ទោង។

លោក សាយ គឹមឡម មានប្រសាសន៍ថា ការដែលយើងទាំងអស់គ្នាបានថែរក្សាសុខភាពបានល្អប្រសើរហើយគឺជាផ្នែកមួយនៃការសន្សំថវិកា កាត់បន្ថយការចំណាយផ្សេងៗឬទៅលើការថែរក្សាព្យាបាលជំងឺនៅមន្ទីរពេទ្យដែលជាការធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារទាំងមូល និងបានចំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលធុងចម្រោះត្រូវអនុវត្តតាមការណែនាំរបស់អ្នកបច្ចេកទេសឱ្យបានត្រឹមត្រូវដើម្បីប្រើប្រាស់ប្រកបដោយគុណភាពនិងទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាពដែលអាចទ្រទ្រង់សុខភាពឱ្យបានល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាទូទៅ និងយកចិត្តទុកដាក់លើសុខទុក្ខ សុខុមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីចុះជួយដោះស្រាយបញ្ហាផ្សេងៗជាពិសេសត្រូវសហការជាមួយរដ្ឋបាលស្រុកក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សព្រមទាំងបានណែនាំដល់ពុកម៉ែបងប្អូនត្រូវនាំគ្នាធ្វើលំហាត់ប្រាណ ឱ្យបានជាប្រចាំយ៉ាងហោចណាស់ ៣០នាទីក្នុង១ថ្ងៃ ព្រមទាំងទទួលទានអាហារប្រកបដោយគុណភាព និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ដែលអាចទ្រទ្រង់សុខភាពយើងឱ្យបានល្អប្រសើរ ជាពិសេសសុខភាពកុមារ និងមានភាពវ័យឆ្លាតផងដែរ។

សូមបញ្ជាក់ថា ធុងចម្រោះទាំង១ពាន់នេះជាអំណោយរបស់អង្គការ "ស៊ីបកូ" តាមរយៈសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា





