អភិបាលខេត្តកំពង់ធំជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ត្រីជំនាញ ខិតខំបន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តឱ្យមានប្រសិទ្ធភាព
AKP កំពង់ធំ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ត្រីជំនាញខិតខំបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់កងម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលសហការគ្នាបានល្អ រួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសកម្លាំងទីបញ្ជាការស្រាលដែលប្រចាំការនៅតាមគោលដៅវាលក្រោម ដីតំបន់៣ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនមានការកាប់ទន្ទ្រានថ្មីបន្ថែមទៀតនោះទេ និងទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍បញ្ជាក់ទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ដែនគ្រប់គ្រងដីវាលក្រោម ដីតំបន់២ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត ដីតំបន់៣ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ហើយដីតំបន់២ និងតំបន់៣ បច្ចុប្បន្ននេះ មិនមានការកាប់ទន្ទ្រានអាស្រ័យផលទៀតនោះទេ។

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តកំពង់ធំក៏បានមានវិធានការគ្រប់គ្រងគ្រោះរាំងស្ងួត ដោយហាមមិនឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងបន្តទៀតនោះទេ និងរក្សាទឹកទុកសម្រាប់មនុស្ស សត្វ ប្រើប្រាស់ប្រចាំថ្ងៃ និងបានសំណូមពរដល់អភិបាលក្រុងស្រុក បន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ បញ្ហាប្រឈម និងរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា៕

ដោយ ស៊ុម វណ្ណា





