ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹក នាំ កង កម្លាំង ចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ
AKP កំពង់ធំ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងចម្រុះមាន មន្ត្រី ជំនាញ ជល ផល មន្ត្រី តំបន់រ៉ាមសា តំណាង សហគមន៍ នេសាទ កងទ័ព ជើង ទឹក វាយ លើ គោក កង រាជ អាវុធហត្ថ ខេត្តព្រម ទាំង អាជ្ញាធរដែនដី កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានចេញ ប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទនៅតំបន់ព្រែកតាសោម ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤ និងការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំងចម្រុះបានសហការ ជាមួយ មន្ត្រី រដ្ឋបាល ជល ផលឃុំផាត់សណ្តាយនៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តកំពង់ ធំ ដំណើរការបង្ក្រាបបទល្មើសនេសាទដែលកំពុងមានការកើតឡើងនៅក្នុងតំបន់ព្រែកតាសោមក្នុង ភូមិ សាស្ត្រ បឹង ទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅ ក្នុងឱកាសនោះ កងកម្លាំងចម្រុះបានរុះរើកាប់បំផ្លាញចោលនូវរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន០៥របាំង ប្រវែងជាង ១៥០០ម៉ែត្រ ឡុកចំនួន១០ លប/លូចំនួន ១០មាត់ បង្គោលចំនួន ១៧០០ដើម និងបំផ្លាញរបាំងអួនស្បៃមុង៣របាំង ប្រវែងជាង១៨០ម៉ែត្រ ឡុកចំនួន០៣ លប/លូចំនួន០៦មាត់ និងបង្គោលចំនួន ជាង ២០០ ដើម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរនេសាទត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ និងបានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ដើម្បីបន្តសកម្មភាពឱ្យដូចភ្លៀងរលឹមក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់មិនឱ្យកើតមានឡេីងជាថ្មីទៀតបាន ជាដាច់ខាត នៅក្នុង តំបន់ បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





