ឯកឧត្តម ហ៊ែល តូនី ជួបជាមួយធនាគារពិភពលោក ពិភាក្សា ការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងធនាគារពិភពលោក ក្រុមប្រឹក្សាជាតិធនាគារពិភពលោក ពិភាក្សាការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក។

ក្នុងជំនួបពិភាក្សានោះ អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានជួបប្រជុំជាមួយតំណាងធនាគារពិភពលោក ក្រុមប្រឹក្សាជាតិធនាគារពិភពលោក និងតំណាង Australian Water Partnership (AWP) ដើម្បីពិភាក្សាអំពីរបាយការណ៍ចាប់ផ្តើមអំពីការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាបក្រោមកម្មវិធីវាយតម្លៃសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាប សម្រាប់ឆ្នាំ ២០២៤-២០២៦។

កិច្ចប្រជុំមានគោលបំណងណែនាំអំពីក្រុមការងារបច្ចេកទេស និងសង្ខេបអំពីព័ត៌មានជំនាញបច្ចេកទេស ការពិភាក្សាអំពីការងារដែលត្រូវធ្វើ តួនាទី និងការចូលរួមគាំទ្របច្ចេកទេស របស់អ្នកជំនាញអាជ្ញាធរទន្លេសាបផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





