ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)
AKP កណ្តាល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--ពិធីបុណ្យមាឃបូជាឆ្នាំនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំធ្វើឡើងនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណឧបដ្ឋានសាលាមុខ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។

អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជានេះ ក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួម បំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ បន្ទាប់ពីពិធីនានាបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុកបានចប់សព្វគ្រប់ ក៏មានពិធីដាក់បាត្រប្រគេនព្រះសង្ឃចំនួន៨០អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ។

គួរបញ្ជាក់ដែរថា ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ គឺថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍ សំខាន់ៗពីរយ៉ាង គឺ ១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺព្រះសង្ឃសមណទូត ១ ២៥០ អង្គ និមន្តមកជួបជុំគ្នាដោយមិនបានណាត់គ្នាជាមុន។ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា)។ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦។ ថ្ងៃ១៥កើត ជាថ្ងៃពេញបូណ៌មីខែមាឃ។ ២. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសកំណត់ព្រះជន្មាយុសង្ខារ។

ក្រសួងធម្មការនិងសាសនា ក៏បានធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្តថា ដើម្បីឱ្យពិធីបុណ្យ មាឃបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការ។ ត្រូវសហការជាមួយព្រះមេគណ អនុគណ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាត តុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ការប្រជុំប្រកបដោយអង្គ៤ ទ្រង់សម្តែងឱវាទ បាតិមោក្ខ ទ្រង់កំណត់ព្រះជន្មាយុសង្ខារ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនា កម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចា ចិត្ត។ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវ សប្បុរសជន ពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការ ថែរក្សានូវ អត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម។ ទទួលបានសេចក្តីណែនាំនេះ មន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ត្រូវសហការជាមួយព្រះមេគណ អនុគណ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅអធិការគ្រប់វត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់ចែងអនុវត្តតាម សេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរ៕


ដោយ៖ ជឹម ណារី





