ថ្នាក់ដឹកនាំខេត្តកណ្តាលអញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តវេឡុការាម
AKP កណ្ដាល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងមន្រ្តីរាជការក្នុងខេត្ត កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅវត្តវេឡុការាម ហៅវត្តព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មាឃបូជាជាពីធីបុណ្យមួយដែលមានសារៈសំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន១២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនូវគោលការណ៍ចំនួន១១ប្រការសម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឱ្យបានយល់អំពីពុទ្ធសាសនា។

ទន្ទឹមនឹងនេះ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាងកុសលដ៏ថ្លៃថ្លាបំផុត៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





