ឯកឧត្ដម ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយនាយិកាអង្គការយូណេស្កូ នៅក្រុងប៉ារីស
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ បានអនុញ្ញាតឱ្យលោកស្រី Gabriela Ramos នាយិកាអង្គការយូណេស្កូ ទទួលបន្ទុកវិទ្យាសាស្ត្រសង្គមនិងមនុស្ស ក្នុងឱកាសថ្ងៃទីមួយនៃ “កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រី និងលោកស្រីនាយិកាបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដូចជា៖ ១. ការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology ឬហៅកាត់ថា RAM) ដែលជាវិធីសាស្ត្រដើម្បីជួយរដ្ឋសមាជិកវាយតម្លៃអនុលោមភាពតាមអនុសាសន៍អង្គការយូណេស្កូស្ដីពីសីលធម៌បញ្ញាសិប្បនិម្មិត។ ទី២. ការកសាងមូលធនមនុស្សឌីជីថល ជាពិសេសមូលធនមនុស្សផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាមរយៈការបញ្ចូលបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សាផ្សេងៗរួមមានការរៀបចំកម្មវិធីសិក្សាផ្នែកបំណិនឌីជីថលក្នុងក្របខណ្ឌគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការរៀបចំកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិតសម្រាប់កម្រិតឧត្ដមសិក្សាជាដើម និងទី៣. ការបន្តបញ្ជូនអ្នកជំនាញនិងគ្រូឧទ្ទេសផ្នែកបញ្ញាសិប្បនិម្មិតរបស់យូណេស្កូ។
លោកស្រីនាយិកាបានគោរពថ្លែងអំណរគុណឯកឧត្ដមរដ្ឋមន្ត្រីចំពោះកិច្ចការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានគោរពស្នើសុំកិច្ចសហការបន្តរវាងស្ថាប័នទាំងពីរលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ចំពោះការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (RAM) លោកស្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរ ព្រមទាំងចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ ដែលអង្គការយូណេស្កូនឹងយកទៅអនុវត្តសម្រាប់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានឆ្លើយតបជាវិជ្ជមានលើសំណើនេះ និងបានណែនាំមន្ត្រីពាក់ព័ន្ធឱ្យបន្តសហការឱ្យបានកាន់តែសកម្មថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





