កម្ពុជា-ហ្វីលីពីន ប្រកាសរលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗចំនួន១១
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥--
ក្នុងដំណើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗចំនួន១១ រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារជាតិនិងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន តំបន់និងអន្តរជាតិផងដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្ដូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨ រួមមាន ១. កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ២. អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ៤. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ៥. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ៦. កម្មវិធីនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ៧. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ៨. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថល៕
ដោយ៖ គង់ សិរីរ័ត្ន





