ឯកឧត្តម សូ ណារ៉ូ៖ ហ្វីលីពីនអាចជួយកម្ពុជា ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិតខ្ពស់
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥--ក្នុងចំណោមអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចសហប្រតិបត្តិការទាំងឡាយ ហ្វីលីពីន ក៏អាចជួយកម្ពុជាបាន ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិតខ្ពស់។ នេះបើតាមការថ្លែងរបស់ឯកឧត្តមកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឯកឧត្តមកបណ្ឌិត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានថ្លែងថា រដ្ឋាភិបាលហ្វីលីពីនបានបណ្ដុះបណ្ដាលពលកររបស់ខ្លួននិងបានបញ្ជូនទៅកាន់ពិភពលោកប្រមាណពី១០ទៅ១២លាននាក់។ ពលករទាំងនោះត្រូវបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខ្ពស់សម្រាប់ជំនាញផ្សេងៗក្នុងទីផ្សារការងារនៃប្រទេសក្នុងតំបន់និងពិភពលោក។

ឯកឧត្តមកបណ្ឌិត សូ ណារ៉ូ បានគូសបញ្ជាក់ថា«ហ្វីលីពីនមានបទពិសោធន៍ច្រើនក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបញ្ជូនពលករទៅក្រៅប្រទេស ចឹងហើយបើសិនជាកម្ពុជាជាមួយហ្វីលីពីនមានការសហប្រតិបត្តិការដើម្បីផ្លាស់ប្ដូរជួយគ្នាក្នុងការបណ្ដុះបណ្ដាលជាការល្អណាស់ ជាពិសេសមេរៀននៃការបណ្ដុះបណ្ដាលរបស់ហ្វីលីពីនគឺថាសម្បូណ៌បែប ហើយមានកម្រិតស្ដង់ដាអន្តរជាតិតែម្ដង ចឹងហើយខ្ញុំថាកិច្ចសហប្រតិបត្តិការដូចនេះ គឺគួរតែមានពង្រីកតទៅទៀត»។

សូមរម្លឹកជូនថា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់, និងអន្តរជាតិផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





