គណៈប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃទស្សនាប្រាសាទអង្គរខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥-- គណៈប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ DETNITIT LUANGAMKUM ជាអគ្គនាយក បានមកបំពេញទស្សនកិច្ចនៅតំបន់ប្រាសាទអង្គរនៃខេត្តសៀមរាបរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដំណើរទស្សនកិច្ចនោះត្រូវបានអមដំណើរដោយឯកឧត្តមឧត្តមសេនីយ៍ឯក អុំ សុខ នាយរងសេនាធិការចម្រុះ និងជាប្រធានគណៈចាត់តាំងនៃសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងអស់លោក លោកស្រីជាលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបផងដែរ។

រយៈពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចនេះ ក្រុមគណៈប្រតិភូបានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។ ហើយជាការកត់សម្គាល់នៅក្នុងការទស្សនានោះ នាយឧត្តមសេនីយ៍ DETNITIT LUANGAMKUM និងប្រតិភូ បានសម្តែងនូវភាពស្ញប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្រ ដែលបុព្វបុរសខ្មែរនាសម័យអង្គរ បានស្ថាបនាទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ និងផ្តល់នូវតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្តមអគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បានមានប្រសាសន៍កោតសសើរថា សំណង់ស្ថាបត្យកម្មដ៏មានតម្លៃនេះ ជារចនាបថនៃស្ថាបត្យកម្មខ្មែរ ដែលគ្មានពីរនៅលើលោក។ ហើយស្ថាបត្យកម្មនេះបាន និងកំពុងទាក់ទាញដល់ភ្ញៀវទេសចរចូលមកទស្សនា ស្វែងយល់អំពីគុណតម្លៃនៃប្រាសាទបុរាណខ្មែរ ហើយក៏ជាទុននៃប្រភពចំណូលរបស់ជាតិ មិនចេះរីងស្ងួតឡើយ។


ក្រុមគណៈប្រតិភូក៏បានកោតសរសើរផងដែរនូវភាពអស់ទាស់នៃរូបចម្លាក់ ក្បូរក្បាច់រចនាដ៏រស់រវើក ដែលគ្រប់រូបចម្លាក់អប្សរាទាំងនោះ ហាក់បង្កប់ទៅដោយវិញ្ញាណ ដោយមានភាពស្រស់ស្រាយទទួលស្វាគមន៍ដល់ភ្ញៀវចូលមកទស្សនាទៀតផង ហើយក៏បានបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅក្នុងរឿងព្រេងពីបុរាណកាលមកដែរ។ នៅក្នុងប្រាសាទតាព្រហ្ម ប្រធានគណៈប្រតិភូហាក់មានអារម្មណ៍ និងបានជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលជាក្រុមវង់ភ្លេងខ្មែរបុរាណដែលកំពុងប្រគុំកំដរអ្នកធ្វើដំណើរកម្សាន្តនៅទីនោះ ដោយឯកឧត្តមបានសរសើរបងប្អូនអតីតយុទ្ធជនកម្ពុជា ទោះបីអវៈយវៈបងប្អូនមានពិការភាពមែនពិត តែទឹកចិត្តបងប្អូនមិនមានពិការភាពនោះឡើយ គឺនៅតែតស៊ូ ពុះពាររាល់ការលំបាកលើការងាររបស់ខ្លួន ដើមី្បផ្គត់ផ្គង់ក្រុមគ្រួសារកូនៗរបស់ខ្លួន ប្រកបទៅដោយមុខរបរ ដោយភាពសច្ចរិក ក្នុងគោលដៅរក្សាភាពនូវសេចក្តីថ្លៃថ្នូររបស់ខ្លួន មិនបង្កដល់សង្គមឡើយ។ ហើយម៉្យាងទៀតសកម្មភាពទាំងនេះ ក៏ជាការចូលរួមថែរក្សាប្រពៃណី វប្បធម៌ដូនតាឲឱ្យបានគង់វង្សបានល្អទៀតផង។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ប្រាសាទ គណៈប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ ក៏បានអញ្ជើញចូលទៅទស្សនាមណ្ឌលរក្សាអដ្ឋិធាតុប្រជាជន ដែលត្រូវបានកាប់សម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងបរិវេណវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ដែលស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប។ នៅវេលាម៉ោង១៣រសៀល ថ្ងៃទី១១ ខែកុម្ភៈនេះ ក្រុមគណៈប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ ក៏បានធ្វើដំណើរចាកចេញពីក្រុងសៀមរាប បន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ តាមក្បួនរថយន្ត៕
ដោយ ហង្ស សៀក





