កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់ទឹកជូនដល់អាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ និងស្រុកថ្ពង
AKP កំពង់ស្ពឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក សួង ប៊ុនហោ អនុប្រធានមន្ទីរ លោក ណុប ព្រីន អនុប្រធានមន្ទីរ និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរ ស្រុកឱរ៉ាល់ និងស្រុកថ្ពង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់ទឹក ជូនដល់អាជ្ញាធរឃុំ ភូមិ និងគណៈកម្មាធិការសហគមន៍ កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៥។

លោក សួង ប៊ុនហោ បានមានប្រសាសន៍ថា កិច្ចប្រជុំមានគោលបំណងដើម្បីផ្សព្វផ្សាយ និងពង្រីកការយល់ដឹងស្តីពីការគ្រប់គ្រងទឹក និងការប្រើប្រាស់ទឹកក្នុងក្របខ័ណ្ឌ អាង ទំនប់ ស្ទឹង ក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ដើម្បីជំរុញប្រសិទ្ធភាព ការគ្រប់គ្រង អាង ទំនប់ ស្ទឹង ការគ្រប់គ្រងធនធានទឹកចម្រុះ សុខភាព ស្ទឹង អាង ទំនប់ ជាពិសេសការរៀបចំផែនការ និងការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ដល់ភាគីពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព។


ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរបានណែនាំដល់ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវផ្តោតការយកចិត្តទុកដាក់ ខ្ពស់ក្នុងកិច្ចអន្តរាគមន៍ដូចជា៖ ១- ផ្សព្វផ្សាយ និងពន្យល់ណែនាំដល់គណកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង និងការចូលរួមថែរក្សា ប្រព័ន្ធធារាសាស្រ្ត។ ២- ពន្យល់ណែនាំ និងផ្តល់បច្ចេកទេសដល់គណៈកម្មាធិការសហគមន៍កសិករ ប្រើប្រាស់ទឹក ឱ្យចេះថែទាំទំនប់ ប្រឡាយ ពីររបៀបចាក់ប្រេង ដាក់ខ្លាញ់ទ្វារទឹក និងការគ្រប់គ្រង ការបែងចែកទឹក ឱ្យបានច្បាស់លាស់។ ៣- ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។ ៤- ជំរុញអាជ្ញាធរមូលដ្ឋានចូលរួមសហការជាមួយគណៈកម្មាធិការ ស.ក.ប.ទ. ដើម្បីសម្របសម្រួលជាមួយសមាជិកក្នុងការប្រមូលភាគទានប្រើប្រាស់ទឹកពីប្រព័ន្ធធារាសាស្រ្ត។ ៥- ផ្សព្វផ្សាយប្រកាស ស្តីពីគោលការណែនាំចំនួន៥ របស់ក្រសួងធនធានទឹក និងឧតុនិយម ដល់ស.ក.ប.ទ.។ ៦- ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការស.ក.ប.ទ. និងអាជ្ញាធរមូលដ្ឋាន៕
ដោយ លឹម សាន្ត





