លោកជំទាវ លំ គន្ធារី និងក្រុមការងារ ចុះពិនិត្យការសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តីដូង
AKP កំពង់ធំ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ លំ គន្ធារី ជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង ឯកឧត្តម ជាវ ចាន់នី អគ្គនាយក រដ្ឋាករទឹកក្រុងស្ទឹងសែន ឯកឧត្តម គឹម លាងសេង សមាជិកក្រុមប្រឹក្សាខេត្ត លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ព្រមទាំងសហការី លោកស្រី ទត គឹមសុភារិន្ទ តំណាងឱ្យគណៈកម្មាធិការគណបក្សស្រុកកំពង់ស្វាយ ក្រុមការងារចុះជួយឃុំក្តីដូង និងលោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តជាអ្នកត្រួតពិនិត្យដោយផ្ទាល់ការងារសាងសង់ និងការងារបច្ចេកទេសនៃសំណង់។


លោកជំទាវ លំ គន្ធារី បានលើកទឹកចិត្តដល់ក្រុមការងារចុះជួយឃុំគណៈកម្មាធិការគណបក្សឃុំ ប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មីនេះដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស និងមានសុវត្ថិភាពក្នុងការទុកដាក់ឯកសារ។ សូមឱ្យអាជ្ញាធរភូមិ/ឃុំ ត្រូវយកចិត្តដាក់ខ្ពស់និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបានជំរុញដល់ក្រុមជាងទាំងអស់ត្រូវតែយកចិត្តទុកដាក់សាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំក្តីដូងនេះ ឱ្យមានគុណភាពទៅតាមស្តង់ដារនៃបច្ចេកទេសសំណង់ ដើម្បីប្រើប្រាស់បានយូរអង្វែងធានាបាននៅគុណខ្ពស់ ចៀសសវាងកុំឱ្យមានការខូចខាត ឬក៏បាក់ស្រុតដោយប្រការណាមួយ។


សូមបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តីដូងសាងសង់ឡើងនៅលើផ្ទៃដីទំហំ៩៩០ម៉ែត្រការ៉េ អគារមួយជាន់ផ្ទាល់ដីមានទំហំ១៧០ម៉ែត្រការ៉េ កម្ពស់៧,៤៥ម៉ែត្រប្រក់ក្បឿង ក្រាលការ៉ូ ដែលដំណើរការសាងសង់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២៥ សម្រេចបាន៤៥ភាគរយហើយ ដោយចំណាយថវិកាអស់ជិត២៧០០០ដុល្លារ៕
ដោយ ស៊ុម វណ្ណា





