ឯកឧត្តម ថោ ជេដ្ឋា ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់រលាំងជ្រៃ និងស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំនិស្សិតវិស្វករឆ្នាំទី៤និងទី៥ មុខជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រមទាំងសាស្ត្រាចារ្យ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ប្រមាណ១២០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីរាជធានីភ្នំពេញ នៅទីតាំងអនុវត្តគម្រោងតំបន់រលាំងជ្រៃ និងតំបន់ស្ទឹងតូច ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។


ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការនាំក្រុមនិស្សិតធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញនៅតំបន់រលាំងជ្រៃ និងស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ គឺក្នុងគោលបំណងឱ្យនិស្សិតរបស់យើងយល់ដឹងពីការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុ និងបរិស្ថានមេត្រី ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការកាត់បន្ថយហានិភ័យពីទឹកជំនន់ និងគ្រោះរាំងស្ងួត ធានាបាននូវសន្តិសុខទឹក ព្រមទាំងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការបែងចែកទឹក និងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធិភាព និងបរិយាបន្ន។


ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្ត ក្រុង ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសក្រសួងធនធានទឹកនិងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋានដើម្បីឱ្យទទួលបានជោគជ័យ៕
ដោយ លឹម សាន្ត





