ឯកឧត្តម អ៊ុន ចាន់ដា៖ មូលធនមនុស្សជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល
AKP កំពង់ចាម ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧របស់រដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបញ្ចកោណទី១ បានកំណត់យកធនធានមនុស្សជាអាទិភាពឥឡូវឈានមកដល់ការអភិវឌ្ឍមូលធនមនុស្សជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអភិបាលខេត្តថ្លែងដូចនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ លើវិស័យសុខាភិបាលនៃរដ្ឋបាលខេត្តនាសៀលថ្ងៃ ទី៧ កុម្ភៈឆ្នំា២០២៥ នៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា មូលធនមនុស្សគឺសំដៅលើមន្ត្រីយើងទាំងអស់ក្នុងការបំពេញការងារ មានមុខងារជាមន្ត្រី គ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់មិនថាតែមន្ត្រីក្នុងវិស័យសុខាភិបាលនោះទេគឺ មូលធនមនុស្សសំដៅដល់មន្ត្រីទាំងអស់ដែលបំពេញការងារប្រកបដោយសីលធម៌និងក្របសីលធម៌វិជ្ជាជីវៈជាមន្ត្រីដែលហ៊ានទទួលលើការងារទៅតាមមុខងាររបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានដាក់ជាសំណួរថា តើឈរលើគោលការណ៍អីដើម្បីឱ្យការអភិវឌ្ឍមូលធនមនុស្សប្រកបដោយប្រសិទ្ធភាព។ យើងមានគោលការណ៍២ គឺ៖ ទី១. ឈរលើគុណាធិបតេយ្យ និងបរិយាបន្នគឺធ្វើអ្វីយកគោលការណ៍គុណភាពជាចម្បង និងទី២. ការផ្លាស់ប្តូរផ្នត់គំនិតរបស់មន្ត្រីរបស់យើងថាតើយើងធ្វើជាមន្ត្រី មិនតែដើម្បីតួនាទីប្រាក់ចំណូលដើម្បីជីវភាពគ្រួសារនោះទេ សំខាន់នោះ គឺដើម្បីធ្វើឱ្យសង្គមជាតិរបស់យើងជាសង្គមជាតដ៏ល្អមួយ ប្រកបដោយគុណធម៌ សីលធម៌ និងភាពរុងរឿងជឿនលឿនដោយជឿជាក់។

ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្សគឺផ្តើមចេញពីមន្ត្រីរបស់យើងម្នាក់ៗ ធ្វើអំពីល្អ គឺសង្គមរបស់យើងល្អតែម្តងគឺសង្គមមួយ ដែលមានសីលធម៌ល្អ សង្គមដែលមានគុណធម៌ដោយមូលធនមនុស្សសំបូរបែបដែលមន្ត្រីយើងឈរលើគុណាធិបតេយ្យ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរីកចម្រើនយ៉ាងឆាប់រហ័ស៕
ដោយ ឆាយ ម៉ុត





