អភិបាលខេត្តកំពង់ចាម៖ ឆ្នាំ២០២៦ យើងនឹងមានមណ្ឌលសុខភាពទាំង១០៩ឃុំសង្កាត់របស់ខេត្ត
AKP កំពង់ចាម ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ សុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នំា២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ត្រឹមឆ្នាំ២០២៦សម្រាប់ខេត្តកំពង់ចាមឆ្នាំ២០២៦ យើងនឹងមានប៉ុស្តិ៍មណ្ឌលសុខភាពទាំងអស់ក្នុង១០៩ឃុំសង្កាត់របស់ខេត្ត តាមរបាយការណ៍របស់ឯកឧត្តម គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ទូទាំងខេត្តមានស្រុកប្រតិបត្តិចំនួន៩ មន្ទីរពេទ្យខេត្តកម្រិត៣មានចំនួន១ មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកកម្រិត២មានចំនួន៤ កម្រិត១មានចំនួន៤ មានមណ្ឌលសុខភាពចំនួន៩៦កន្លែង និងប៉ុស្តិ៍សុខភាពចំនួន៥កន្លែង។



ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ពង្រឹងឱ្យមានមន្ត្រីសុខាភិបាលប្រចាំការជាប្រចាំ ដើម្បីផ្តល់សេវា សុខភាពជូនប្រជាពលរដ្ឋ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អឱ្យទៅជាការផ្តល់សេវាជូនប្រជាជនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដែលគោរពស្រឡាញ់ពីប្រជាពលរដ្ឋយើង៕
ដោយ ឆាយ ម៉ុត





