ក្រសួងការពារជាតិច្រានចោលការអះអាងថាយោធាបង្កការញុះញង់ដល់កូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិកាលពីថ្ងៃចន្ទ បានច្រានចោលការចោទប្រកាន់ដែលថា ការព្យួរកតិកាសញ្ញាយោធាអន្តរកូរ៉េ និងការបន្តការផ្សាយឡើងវិញនូវឧបករណ៍បំពងសំឡេងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង គឺសំដៅលើការបង្កការញុះញង់ដល់ប្រទេសកូរ៉េខាងជើងមុនពេលការដាក់ច្បាប់អាជ្ញាសឹកនៅខែធ្នូ។
ការឆ្លើយតបរបស់ក្រសួងបានធ្វើឡើងចំពេលមានការសង្ស័យដែលលើកឡើងដោយក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា យោធា «មានចេតនា» ចូលរួមក្នុងសកម្មភាពបែបនេះ ដើម្បីជំរុញឱ្យប្រទេសកូរ៉េខាងជើងបង្ករឿងពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) កាលពីថ្ងៃទី៣ ខែធ្នូ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធារបស់យើងបានរារាំងការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើងតាមរយៈគោលនយោបាយច្បាស់លាស់ ហើយរក្សាបាននូវការត្រៀមខ្លួនខាងយោធាយ៉ាងរឹងមាំ» ។
ជាពិសេស ក្រសួងបានច្រានចោលនូវទស្សនៈដែលថាយោធាបានពិចារណាលើការវាយប្រហារដោយកាំភ្លើងធំជាការឆ្លើយតបទៅនឹងការបញ្ជូនបាឡុងដឹកសំរាមរបស់ប្រទេសកូរ៉េខាងជើងឆ្លងកាត់ព្រំដែនកាលពីឆ្នាំមុន។
ក្រសួងបាននិយាយថា យោធាមាន «ការអត់ធ្មត់» ហើយឆ្លើយតបដោយការទាញយកបាឡុងដែលធ្លាក់លើដីដោយមិនបានបាញ់ ក្រសួងបានសង្កត់ធ្ងន់ថា ការសង្ស័យថាខ្លួនអាចនឹងរៀបចំសម្រាប់ការវាយប្រហារដោយកាំភ្លើងធំបែបនេះគឺ «មិនពិត» ។
ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា វិធានការពាក់ព័ន្ធទាំងអស់ត្រូវបានឆ្លើយតបទៅនឹងការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើង ហើយបានធ្វើឡើងដោយផ្អែកលើដំណើរការនៃការធ្វើសេចក្តីសម្រេច «ធម្មតា»។
មន្ត្រីក្រសួងម្នាក់បាននិយាយថា «នេះគឺជាប្រទេសកូរ៉េខាងជើងដែលបានប្រកាសជាលើកដំបូងនូវការព្យួរកតិកាសញ្ញាកាត់បន្ថយភាពតានតឹងផ្នែកយោធា ហើយទីបំផុតបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនដោយការបញ្ជូនបាឡុងដែលពោរពេញទៅដោយសំរាម»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





