ការបោះឆ្នោតប្រធានាធិបតីចាប់ផ្តើមនៅប្រទេសក្រូអាត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសក្រូអាតបានចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹកកាលពីថ្ងៃអាទិត្យដោយមានអ្នកបោះឆ្នោតដែលមានសិទ្ធិជាង ៣,៧លាននាក់នៅទូទាំងប្រទេសដើម្បីជ្រើសរើសរវាងប្រធានាធិបតីដែលកំពុងកាន់អំណាច ហ្សូរ៉ាន់ មីឡាណូវីក (Zoran Milanovic) និងគូប្រជែងគឺលោក ដ្រាហ្គាន់ ព្រីម៉ូរ៉ាក់ (Dragan Primorac) ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់រដ្ឋបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីអនុវត្តសិទ្ធិបោះឆ្នោត។
ការបោះឆ្នោតជុំទីមួយបានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ក្នុងចំណោមបេក្ខជនទាំង ៨នាក់ គឺលោក មីឡានណូវីក គាំទ្រដោយគណបក្សប្រឆាំងដ៏ធំបំផុតគឺ គណបក្សសង្គមប្រជាធិបតេយ្យ និងលោក ព្រីម៉ូរ៉ាក់ គាំទ្រដោយសហភាពប្រជាធិបតេយ្យក្រូអាតដែលកំពុងកាន់អំណាចជាប់ចំណាត់ថ្នាក់ទី១ និងទី២ ជាមួយនឹងសំឡេង ៤៩,០៩% និង១៩,៣៥% រៀងៗខ្លួន។
យោងតាមច្បាប់របស់ក្រូអាត ប្រសិនបើគ្មាននរណាម្នាក់ទទួលបានសំឡេងច្រើនជាងពាក់កណ្តាលនៅក្នុងជុំទីមួយទេ បេក្ខជននាំមុខគេទាំងពីរនឹងត្រូវចុះឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលធ្វើឡើងនៅពីរសប្តាហ៍ក្រោយ។
លោក មីឡានណូវីក ដែលបានខកខានការទទួលជ័យជម្នះដាច់ខាតក្នុងជុំទីមួយបានឈានចូលជុំទីពីរដោយមានប្រៀបយ៉ាងខ្លាំងលើលោក ព្រីម៉ូរ៉ាក់។ យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយបង្អស់ដែលចេញផ្សាយមុនការប្រកួតប្រជែង អត្រានៃការគាំទ្ររបស់ លោក មីឡានណូវីកគឺ៦២,៥% ខណៈដែលលោក ព្រីម៉ូរ៉ាក់ មាន២៧,៨%។ ប្រធានាធិបតីក្រូអាតមានអាណត្តិ៥ឆ្នាំ ហើយអាចជាប់ឆ្នោតម្តងទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





