អនុប្រធានាធិបតីចិនជួបជាមួយអធិការបតីចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីចិន លោកហាន់ ហ្សេង (Han Zheng) បានជួបជាមួយអធិការបតីចក្រភពអង់គ្លេសលោកស្រី រ៉ាឆែល រេវេស (Rachel Reeves) ដែលកំពុងស្នាក់នៅទីក្រុងប៉េកាំង សម្រាប់កិច្ចសន្ទនាសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន-ចក្រភពអង់គ្លេសលើកទី១១។
លោក ហាន់ បាននិយាយថា ប្រទេសចិន និងចក្រភពអង់គ្លេស គឺជាមហាអំណាចសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ធំនៅក្នុងពិភពលោក ដោយលោកបានចង្អុលបង្ហាញថា ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រ គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន និងលើកទឹកចិត្តដល់ការអភិវឌ្ឍបៃតងនៅក្នុងប្រទេសទាំងពីរនេះ។ លោកបានបន្ថែមថា វាក៏នឹងបញ្ចូលទំនុកចិត្ត និងកម្លាំងជំរុញទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ។
លោក ហាន់ បាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តពង្រីកការបើកចំហ និងការផ្លាស់ប្តូរជាមួយចក្រភពអង់គ្លេស បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរ និងពិភពលោក។
ទន្ទឹមនឹងនោះ លោកស្រី រេវេស បាននិយាយថា ការបន្តកិច្ចសន្ទនានេះបន្ទាប់ពីរយៈពេលជិត ៦ឆ្នាំគឺមានសារៈសំខាន់ណាស់។ លោកស្រីបានបន្ថែមថា ភាគីអង់គ្លេសយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយមានឆន្ទៈពង្រឹងការសន្ទនាដោយស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





