រដ្ឋមន្ត្រីការបរទេសស៊ីរីទៅដល់អារ៉ាប់ប៊ីសាអូឌីតដើម្បីចូលរួមកិច្ចថ្នាក់ប្រជុំរដ្ឋមន្ត្រី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសស៊ីរី លោក អាសាដ អាល់-សៃបានី (Asaad Al-Shaibani) បានទៅដល់រដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីស្ថានការណ៍នៅប្រទេសស៊ីរី។
ទីភ្នាក់ងារសារព័ត៌មាន SPA របស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា លោកសៃបានី ត្រូវបានស្វាគមន៍ដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអីអូឌីត លោក វ៉ាល់ដ៍ អាល់-ក្រីជី (Wald Al-Khreiji)។
កិច្ចប្រជុំកាលពីថ្ងៃអាទិត្យនោះមានការចូលរួមពីអ្នកការទូតកំពូលពីតួកគី អ៊ីរ៉ាក់ លីបង់ហ្សកដង់ អេហ្ស៊ីប អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
ប្រភពការទូតរបស់តួកគីបានបញ្ចាក់ទៅសារព័ត៌មានអាណាដូលូថា រដ្ឋមន្រ្តីក្រសួងការបរទេសតួកគី លោក ហាកាន់ ហ្វីដេន (Hakan Fiden) នឹងចូលរួមក្នុងកិច្ចប្រជុំដែលរំពឹងថានឹងពិភាក្សាអំពីជំហានដែលត្រូវការដើម្បីធានាអំពីស្ថេរភាព និងសន្តិសុខរបស់ប្រទេសស៊ីរី។
លោក បាសា អាសាដ (Bashar Assad) អ្នកដឹកនាំរបស់ប្រទេសស៊ីរីអស់រយៈពេលជិត ២៥ឆ្នាំ បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីបន្ទាប់ពីក្រុមប្រឆាំងនឹងរបបនេះបានគ្រប់គ្រងទីក្រុងដាម៉ាស់កាលពីថ្ងៃទី០៨ ខែធ្នូដោយបញ្ចប់របបគណបក្ស Baath ដែលបានកាន់អំណាចតាំងពីឆ្នាំ ១៩៦៣ មក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





