ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មទៅលើប្រទេសស៊ីរីស្ថិតក្នុងរបៀបវារៈរបស់សហភាពអ៊ឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- ប្រធានគោលនយោបាយការបរទេសរបស់សហភាពអ៊ឺរ៉ុប លោកស្រី កាចា កាល់ឡាស់ (Kaja Kallas) បានប្រកាសថា ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មទៅលើប្រទេសស៊ីរី គឺស្ថិតនៅក្នុងរបៀបវារៈរបស់ពួកគេ។
លោកស្រី កាល់ឡាស់ បាននិយាយនៅក្នុងកិច្ចប្រជុំស៊ីរីមួយដែលបានធ្វើនៅក្នុងទីក្រុងរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ថា «យើងនឹងពិនិត្យមើលទៅលើវិធីនៃការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។ ប៉ុន្តែ ត្រូវតែធ្វើតាមវឌ្ឍនភាពជាក់ស្តែងក្នុងការផ្លាស់ប្តូរនយោបាយដែលឆ្លុះបញ្ចាំងពីប្រទេសស៊ីរីក្នុងភាពចម្រុះរបស់វាទាំងអស់»។
ដោយសង្កត់ធ្ងន់ថា ទាំងក្តីសង្ឃឹម និងបញ្ហាប្រឈម គឺមានទាំងអស់នៅក្នុងប្រទេសស៊ីរី។ លោកស្រី កាល់ឡាស់ បាននិយាយនៅក្នុងបណ្តាញសង្គមអ៊ិច (X) ថា លោកស្រីនឹងពិភាក្សាជាមួយបណ្តារដ្ឋមន្រ្តីការបរទេសនៃប្រទេសនៅឈូងសមុទ្រកណ្តាលខាងកើត និងបណ្តាប្រទេសអឺរ៉ុប អំពីដំណើរការផ្លាស់ប្តូរដែលកំពុងបន្តនៅក្នុងប្រទេសស៊ីរី។
លោកស្រីបានបង្ហាញអំពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុប ដើម្បីជួយនៅក្នុងដំណើរការផ្លាស់ប្តូរនេះ។
បណ្តារដ្ឋមន្រ្តីការបរទេសមកពីប្រទេសអារ៉ាប់ និងប្រទេសលោកខាងលិច បានជួបប្រជុំគ្នាមួយនៅទីក្រុងរីយ៉ាដកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសស៊ីរីបន្ទាប់ពីការដួលរលំនៃរបបលោក បាសា អាល់អាសាដ កាលពីខែមុន។
លោក អាសាដ ជាមេដឹកនាំប្រទេសស៊ីរីជិត ២៥ឆ្នាំ ហើយបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីបន្ទាប់ពីក្រុមប្រឆាំងនឹងរបបនេះបានគ្រប់គ្រងទីក្រុងដាម៉ាស់កាលពីថ្ងៃទី០៨ ខែធ្នូ ដោយបញ្ចប់របបលោក អាសាដ។
រដ្ឋបាលថ្មីដែលដឹកនាំដោយលោក អាម៉េដ អាល់-សារ៉ាអា (Ahmed al-Sharaa) បានកាន់កាប់ប្រទេសស៊ីរី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





