នាវាស្រាវជ្រាវប៊ុលហ្គារីផ្តល់នូវឧបករណ៍ដល់មូលដ្ឋានអង់តាក់ទិកអេស្ប៉ាញ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- លោក នីកូឡា វេបសារ៉ូវ (Nikola Vaptsarov) មកពីសាលាកងទ័ពជើងទឹកវ៉ាណាបាននិយាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នាវាស្រាវជ្រាវកងទ័ពជើងទឹកប៊ុលហ្គារីប្រភេទ SV. SV. Kirv I Metodii (RSV 421) បានបញ្ជូនឧបករណ៍ទៅមូលដ្ឋានអង់តាក់ទិករបស់អេស្ប៉ាញ Gabriel de Castilla នៅលើកោះ។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា ក្រុមអ្នកធ្វើដំណើរនៅលើនាវាRSV 421 និងក្រុមការងារនៅលើនាវាបានសម្របសម្រួលការប្រមូលគំរូសម្រាប់គម្រោងវិទ្យាសាស្ត្រដែលបានធ្វើនៅលើនាវានោះ។ សាស្រ្តាចារ្យស្វេតូស្លេវ ឌីម៉ូ (Svetoslav Dimov) មកពីនាយកដ្ឋានហ្សែននៅមហាវិទ្យាល័យជីវវិទ្យារបស់សាកលវិទ្យាល័យសូហ្វីយ៉ា (Sofia) និងលោកបណ្ឌិត វេសណា ម៉ាស៊ីក (Vesna Macic) មកពីវិទ្យាស្ថានជីវសាស្ត្រនៅទីក្រុងកូតូររបស់ប្រទេសម៉ុងតេណេហ្រ្គោ បានប្រមូលផ្តុំនូវគម្រោងរៀងៗខ្លួន និងពង្រីកវិសាលភាពនៃការស្រាវជ្រាវ និងការសង្កេតរបស់ពួកគេស្តីពីកោះនោះ។
ជំនួយការប្រធានខាងផ្នែកបក្សីសាស្រ្ត លោកវេជ្ជបណ្ឌិត បូយែន មីឆេវ (Boyan Michev) និងលោកសាស្រ្តាចារ្យ អ៊ីលីយ៉ា វ៉ាតេវ (Iliya Vatev) បានសិក្សាអំពីជម្រកសំបុកសត្វស្លាប។ ក្នុងអំឡុងពេលនៃសកម្មភាពនេះ លោក ឌីមីតា ផេនតេលីវ (Dimitar Panteleev) បានធ្វើការសង្កេតទៅលើសក្ដានុពលសង្គម ក្រុមការងារ និងអន្តរការីក្នុងចំណោមនាវិកRSV 421 អ្នកស្រាវជ្រាវ និងបុគ្គលិកនៃមូលដ្ឋានអង់តាក់ទិក ដែលជាផ្នែកមួយនៃមរតកគម្រោងរបស់លោក។
បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការដឹកទំនិញរួមគ្នាដោយជោគជ័យ នាវិកRSV ត្រូវបានអញ្ជើញឱ្យបំពេញទស្សនកិច្ចផ្លូវការពីមេបញ្ជាការនៃមូលដ្ឋានអង់តាក់ទិករបស់អេស្ប៉ាញហ្គាប្រ៊ីអ៊ែល ដឺ កាស្ទីលឡា (Gabriel de Castilla) លោកវរសេនីយ៍ទោ ចាវីយែរ ម៉ូរ៉េណូ (Javier Moreno) ដែលជាកាយវិការនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពយូររវាងកម្មវិធីអង់តាក់ទិករបស់អេស្ប៉ាញនិងប៊ុលហ្គារី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





